Yearendyearend1140x150

តម្លៃដឹកជញ្ជូនតាមទូកុងតឺន័រត្រជាក់ឡើងថ្លៃកប់ពពកធ្វើអោយអ្នកនាំចេញ«ផ្លែឈើស្រស់»ឈឺក្បាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូនផ្លែចេកស្រស់នាពេលកន្លងទៅ 

ភ្នំពេញ៖ ការនាំចេញផ្លែឈើស្រស់របស់កម្ពុជា នៅក្នុងរយៈពេលជិត៥ខែដំបូងនៃឆ្នាំ២០២២នេះ បាន ធ្លាក់ចុះជាគំហុក ហើយការធ្លាក់ចុះខ្លាំងនេះ គឺបណ្តាលមកពីតម្លៃដឹកជញ្ជូនផ្លែឈើស្រស់តាមទូកុងតឺន័រត្រជាក់ឡើងថ្លៃរហូតដល់ជាង៧ពាន់ទៅ៩ពាន់ដុល្លារ ដែលបានធ្វើឱ្យក្រុមហ៊ុននាំចេញពិបាកទទួលបានប្រាក់ចំណេញ និងមិនចង់នាំចេញទៅទីផ្សារក្រៅស្រុក។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ស៊ីស៊ីថាមស៍ បច្ចុប្បន្ននេះ ក្រុមហ៊ុននាំចេញកាន់តែជួបបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះការនាំចេញផលិតផលផ្លែឈើស្រស់ ព្រោះបរិបទនៃកូវីដ-១៩ បានធ្វើឱ្យការត្រួតពិនិត្យកាន់តែមានភាពតឹងតែង រយៈពេលនៃការនាំចូលទៅកាន់ទីផ្សារប្រទេសនាំចូលកាន់តែអូសបន្លាយ ជាពិសេសធ្វើឲ្យក្រុមហ៊ុននាំចេញមានពេលវេលាតិចតួចបំផុតក្នុងការលក់រាយនៅលើទីផ្សារ។

បើតាមឯកឧត្តម វេង សាខុន ក្រៅពីបញ្ហាប្រឈមនៃការរឹតបន្តឹងនៃការត្រួតពិនិត្យ ការដឹកជញ្ជូនឡើងថ្លៃទ្វេដង និងថ្លៃជួលទូកុងតឺន័រត្រជាក់សម្រាប់ផ្ទុកទំនិញបានកើនឡើងជាងបីដង រហូតដល់ជាង៧ពាន់ដុល្លារដល់៩ពាន់ដុល្លារ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រេងឥទ្ធនៈឡើងថ្លៃ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន។

ឯកឧត្តម វេង សាខុន បានសង្កត់ធ្ងន់ថា ក្រសួងពុំមានលទ្ធភាពដោះស្រាយបានឡើយ ព្រោះវាបានចេញផុតកិច្ចការរបស់ក្រសួង តួយ៉ាងដូចជាការកង្វះទូកុងតឺន័រ គឺជាបញ្ហាឯកជនទាំងក្នុងនិងក្រៅស្រុក ហើយតម្លៃប្រេងឥន្ទនៈឡើងថ្លៃគឺជាបញ្ហាប្រឈមសម្រាប់ការដឹកជញ្ជូនក្នុងស្រុកនិងក្រៅស្រុក គឺក្រសួងមិនអាចមានលទ្ធភាពដោះស្រាយបញ្ហានេះបានឡើយ។

យោងតាមរបាយការណ៍នៃការនាំចេញកសិផល រយៈពេល៤ខែ២០ថ្ងៃ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញកសិផលជាង២០មុខ ដែលមានចំនួនសរុប ៤ ៤០៣ ៤៣៨,២២តោន ក្នុងនោះមានទំនិញកសិផលស្រស់តិចតួចបំផុតដូចជា៖ ដំឡូងមីស្រស់ ៥៣១ ៩០០តោន, ចេកស្រស់ ១៧០ ១៣៣,០២តោន និង ម្ទេសស្រស់ ៣៦ ១៣៨តោន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង