Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាកាន់តែពិបាកនាំចេញដំណាំឈើហូបផ្លែទៅចិននៅដើមត្រីមាសទី២ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព

ភ្នំពេញ៖ តម្លៃដឹកជញ្ជូនផ្លែឈើស្រស់តាមទូកុងតឺន័រត្រជាក់ឡើងថ្លៃរហូតពី២ពាន់ដុល្លារ ដល់ជាង៧ពាន់ទៅ៨ពាន់ដុល្លារ។ តម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ គឺដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងកំពុងចាប់ផ្តើមប្រមូលផលដំណាំឈើហូបផ្លែ ជាហេតុធ្វើឱ្យតម្រូវការទូកុងតឺនឺរត្រជាក់កើនឡើង ជាពិសេសកាន់តែពិបាកក្នុងការនាំចេញព្រោះប្រទេសចិនដែលជាប្រទេសនាំចូល កំពុងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះកូវីដ១៩។

លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បានប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះដំណាំហូបផ្លែរបស់កម្ពុជាគឺមានបញ្ហាប្រឈមច្រើន ជាពិសេសចាត់តាំងពីដើមឆ្នាំ២០២២នេះមក ប្រទេសវៀតណាមនិងចិនដែលសុទ្ធតែជាប្រទេសនាំចូលផលិតផលកសិកម្មពីកម្ពុជា កំពុងរងផលប៉ះពាល់កូវីដ-១៩។ ដូចនេះ កូវីដ-១៩ គឺជាឧបសគ្គយ៉ាងធំដែលបានធ្វើឱ្យប្រទេសនាំចូលពិបាកនាំចូលផលិតផលដំណាំហូបផ្លែពីកម្ពុជា។

ជាមួយគ្នានេះ លោកឧកញ៉ាបន្តថា ការដឹកជញ្ជូនក៏ឡើងថ្លៃ ដោយឆ្នាំមុនការដឹកជញ្ជូនផលិតផលដំណាំឈើហូបផ្លែមួយកុងតឺន័រមានតម្លៃចន្លោះពី១ពាន់ដុល្លារទៅ២ពាន់ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២២រហូតដល់ដើមត្រីមាសទី២ឆ្នាំនេះ តម្លៃដឹកជញ្ជូនតាមទូកុងតឺន័រកាន់តែឡើងថ្លៃជាបន្តបន្ទាប់រហូតដល់៣ពាន់ទៅ៤ពាន់ដុល្លារសម្រាប់ទូកុងតឺន័រធម្មតា ហើយអាចមានតម្លៃដល់៧ពាន់ដុល្លារទៅ៨ពាន់ដុល្លារសម្រាប់ទូកុងតឺន័រត្រជាក់។ ដូចនេះទាំងបញ្ហាកូវីដ និងតម្លៃទូកុងតឺន័រកាន់តែថ្លៃ បានរំខានដល់ការនាំចេញរបស់កម្ពុជា។

មួយវិញទៀត នៅប្រទេសជិតខាងក៏កំពុងប្រមូលផលដំណាំឈើហូបផ្លែដូចកម្ពុជាដែរដូចជា វៀតណាម ថៃ ហើយប្រទេសចិនដែលជាប្រទេសនាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសក្នុងតំបន់ ក៏កំពុងប្រមូលផលដូចគ្នាចំពោះដំណាំហូបផ្លែ ព្រោះនេះជារដូវកាលប្រមូលដំណាំឈើហូបផ្លែ។ កត្តានេះ ក៏បានធ្វើឱ្យតម្លៃផលិតផលកសិកម្មធ្លាក់ចុះទាបផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺកំពុងតែប្រឈមបញ្ហាធំទាក់ទងនឹងការនាំចេញផ្លែស្វាយស្រស់ ព្រោះពេលនេះជាពេលដែលផ្លែស្វាយកំពុងទទួលផលបានច្រើនជាងគេ ហើយជាពេលដែលត្រូវនាំចេញដែរ។ ប៉ុន្តែកត្តាដែលធ្វើឱ្យផ្លែស្វាយស្រស់នាំចេញទៅចិនមិនបាន គឺដោយសារកត្តាសំខាន់ៗដូចជា តម្លៃផ្លែស្វាយលើទីផ្សារចុះថោក ការដឹកជញ្ជូនឡើងថ្លៃ ហើយគួបផ្សំនឹងបញ្ហាកូវីដថែមទៀត៕ 

Khcct banner

អត្ថបទទាក់ទង