Cc time
Cct850x100 1
Itt 0  web banner

លោកប៊យ បង្កើត «តែ៨១» ដើម្បីបង្ហាញថាខ្មែរក៏អាចបង្កើតប្រេនដោយខ្លួនឯង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ តែ៨១ គឺជាហាង និងតូប ដែលជារបស់ខ្មែរ មិនមែនជាការទិញ Franchise ពីបរទេសឡើយ។ បច្ចុប្បន្ន តែ៨១ មានភេសជ្ជៈជិត៩០មុខ និងមានសាខារហូតដល់ ១០៦សាខា នៅក្នុងប្រទេសកម្ពុជា។ ស្ថាបនិករបស់តែ៨១ ត្រូវបានអ្នកគាំទ្រតែ៨១ ស្គាល់ថាជា លោកប៊យ និងកញ្ញាអើយ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកប៊យ បានឱ្យដឹងថា លោកបានចាប់ផ្ដើមបើកហាងនេះតាំងពីឆ្នាំ២០១៧មកម្លេះ ប៉ុន្ដែមិនទទួលបានភាពជោគជ័យឡើយ។ បន្ទាប់មកលោកបានប្ដូរពីការបើកហាង ដែលស្ថិតនៅក្រោយពេទ្យរុស្ស៊ី មកបើកជាតូប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានទីតាំងនៅផ្លូវវេងស្រេង បានរយៈពេលកន្លះឆ្នាំ រួចទើបប្ដូរមកលក់មុខផ្ទះ ដែលមានទីតាំងនៅក្រោយបុរីហាយធិក២ ច្បារអំពៅវិញ។ ការបើកជាតូបនេះ រហូតដល់ឆ្នាំ២០២០ ទើបអាជីវកម្មនេះមានភាពល្អប្រសើរ។

លោកប៊យ បានបន្ដទៀតថា កាលពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០១៩ ហាងរបស់លោកមានឈ្មោះថា Number 81 ក្រោយមកបានប្ដូរជា តែ៨១វិញ។ កាលដែលលោកដាក់ឈ្មោះហាង ដោយលេខ៨១ ពិព្រោះលេខ៨បូកលេខ១ ស្មើនឹង៩ នាំមកនូវលាភសំណាង។

លោកប៊យ បានបន្ថែមទៀតថា មូលហេតុដែលចាប់ផ្ដើមបើកហាង និងមានការលក់ Franchise ដើម្បីបង្ហាញថាខ្មែរក៏អាចបង្កើតប្រេនមួយដោយខ្លួនឯង ដោយមិនមានការទិញ Franchise ពីបរទេសឡើយ។ បច្ចុប្បន្ននេះ តែ៨១ មានភេសជ្ជៈប្រមាណជា៩០មុខ និងមានសាខារហូតដល់ ១០៦សាខា ស្ទើតែ២៥ខេត្ត និងក្រុង។

លោកប៊យ បានឱ្យដឹងទៀតថាភេសជ្ជៈរបស់តែ៨១ទាំងអស់ មិនថានំខារ៉ាមែល គុជ ចាហួយខ្មៅ រូបមន្ដឆុងភេសជ្ជៈ និងការបង្កើតភេសជ្ជៈថ្មីៗ ជាការបង្កើតឡើងដោយខ្លួនឯងទាំងអស់។ ប៉ុន្ដែមុននិងមានការបង្កើតឡើងដោយខ្លួនឯង លោកក៏បានសិក្សាពីគេខ្លះៗ និងបំបែករូបមន្ដដោយខ្លួនឯង ទើបនាំឱ្យមាន តែ៨១ នៅថ្ងៃនេះ។ ក្នុងចំណោមភេសជ្ជៈ ដែលលក់ដាច់បំផុតប្រចាំហាងគឺ វិចតូរី។

លោកប៊យ បានបន្ដទៀតថា លោកនិងដៃគូររបស់លោក គឺកញ្ញាអើយ បានចាប់ផ្ដើមបើកលក់ Franchise តាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មកម្លេះ។ ផលពិបាក ដែលលោកនឹងដៃគូរលោកជួបប្រទះនៅពេលចាប់ផ្ដើមលក់ Franchise គឺការចាប់ផ្ដើមដោយដៃទទេ គ្មានការផ្គត់ផ្គង់ពីក្រុមគ្រួសារ និងស្ទើរតែគ្មានលុយសោះក្នុងការធ្វើតូប។ បន្ថែមពីនេះទៀត គឺពិបាកក្នុងការធ្វើឱ្យអតិថិជនដែលទិញ Franchise ទុកចិត្ដជាមួយ Franchise របស់ខ្លួន និងការបង្កើតអ្វីដែលថ្មីៗ នៅពេលអតិថិជនចាប់ផ្ដើមកើនឡើង។

គួរបញ្ជាក់ថា ហាងតែ៨១ ទើបតែសម្ពោធនូវសាខាដើមរបស់ខ្លួននៅថ្ងៃទី២៥ មីនា កាលពីខែមុននេះ។ លោកប៊យ និងកញ្ញាអើយ ក៏ត្រៀមនឹងបើកការលក់កាហ្វេម៉ាស៊ីននៅខែឧសភា ខាងមុខនេះផងដែរ៕













Khcct banner

អត្ថបទទាក់ទង