
ភ្នំពេញ៖ ក្នុងរយៈពេលនៃការអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងពីកូវីដ១៩ ក្រសួងរ៉ែ និងថាមពល បានប្រកាសស្តីពីការអនុគ្រោះចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
យោងតាមលទ្ធផលនៃកិច្ចប្រជុំសម្រេចរវាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្តីពីផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។
ចំពោះសេចក្តីសម្រេចនៃការប្រជុំនេះមាន៧ប្រការ ដែលប្រការនីមួយៗសុទ្ធសឹងតែមានគោលដៅរៀងៗខ្លួន ទៅលើផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។
គោលដៅរួមនៃការដាក់ឱ្យអនុវត្ត«ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វីស័យឧស្សាហកម្ម កសិកម្ម ពណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ គឺដើម្បីកែសម្រួលដល់ការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពណិជ្ជកម្ម និងសេវាកម្ម បានប្រើពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃអគ្គិសនី និងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសមត្ថភាពផលិតកម្ម ឬអាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងពីមេរោគកូវីដ១៩។
មួយវិញទៀតគឺការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២០(ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពណិជ្ជកម្ម និងសេវាកម្មណាដែលមានបរិយាកាសអំណោយផល អាចបង្កើនសមត្ថភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ចក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងពីមេរោគកូវីដ១៩៕



