ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីមាតុប្រទេសទៅកាន់ទឹកដីប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមប្រជែងក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២។ការប្រកួតនេះ កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ីនៅថ្ងៃទី ៦មុនទៅជួបឥណ្ឌូនេស៊ី ថ្ងៃទី ៩ រួចបន្តទៅប៉ះក្រុមឡាវនាថ្ងៃទី ១៥ និងចុងក្រោយត្រូវប្រឈមជាមួយក្រុមខ្លាំងប្រចាំនៅអាស៊ាន វៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ។
មុនការប្រកួតថ្ងៃស្អែកជាមួយក្រុមជម្រើសជាតិម៉ាឡេសុី គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បានចំណាប់អារម្មណ៍របស់ខ្លួនដោយបានបង្ហាញការរំពឹងលើកីឡាករកម្ពុជាទាំងយុវជន និងកីឡាករដែមានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្តរជាតិ។
លោក Ryu Hirose ថ្លែងថា "យើងរំពឹងថា កីឡាករទាំងយុវជន និងកីឡាករដែលមាមបទពិសោធន៍ច្រើនពីការប្រកួតអន្តរជាតិ នឹងបង្ហាញការលេងល្អ និងភាពស៊ីចង្វាក់គ្នាបានល្អ សម្រាប់ការប្រកួតថ្ងៃស្អែក"។
នៅក្រៅប្រទេសលើកនេះ ក្រុមជម្រើសជាតិកម្ពុជា ទើបប្រមូលផ្តុំហាត់ជុំគ្នាបានត្រឹម ៦ ថ្ងៃទេ ប៉ុន្តែគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្ត្រា បានអះអាងថា ក្រុមតំណាងឱ្យកម្ពុជាមួយនេះ មានការរីកចម្រើន និងត្រៀមខ្លួនបានល្អផងដែរ ព្រោះគ្រប់គ្នាបានព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងសុទ្ធតែមានសមត្ថភាពលេង នៅក្នុងការប្រកួតនេះដូចគ្នា។
ការប្រកួតរវាងកម្ពុជាជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ធ្នូក្នុងពានរង្វាន់ AFF Suzuki Cup 2020នឹងធ្វើឡើងនៅ ម៉ោង ៤:៣០ រសៀល (កម្ពុជា) | កីឡដ្ឋាន BISHAN។