
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងថា ប្រទេសចិនក៏រងការវាយប្រហារពីវីរុសកូវីដ ១៩ពោល គឺប្រទេសចិនជាជនរងគ្រោះនៃជំងឺកូវីដ-១៩។ ការថ្លែងរបស់លោក Geng Shuang គឺជាការប្រតិកម្មចំពោះសម្តីរបស់អ្នកនយោបាយអាមេរិកមួយចំនួនដែលបានអះអាងថានឹង «ប្តឹងប្រទេសចិន ដែលបាននាំឱ្យជំងឺកូវីដ១៩ រីករាលដាលជាសកល » ។
សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រទេសចិនក៏ជាជនរងគ្រោះក្នុងចំណោមប្រទេសទាំងឡាយដែរ ហើយវីរុសកូវី១៩នេះគឺជាសត្រូវនៃប្រជាជនទូទាំងពិភពលោក ដែលសហគមន៍អន្តរជាតិត្រូវតែសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។
លោកបានបន្ថែមថា៖ «កាលពីឆ្នាំ ២០០៩ ជំងឺគ្រុនផ្តាសាយ H1N1 បានផ្ទុះឡើងមុនគេពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលខ្លាំងដល់ប្រទេសនិងតំបន់ចំនួន ២១៤ រហូតដល់បានបណ្តាលឱ្យមនុស្សជាង ២ សែននាក់ស្លាប់បាត់បង់ជីវិត មាននរណាម្នាក់ដែលបានត្អូញត្អែរថាអាមេរិកត្រូវសងជំងឺចិត្តទេ?»។
បន្ថែមពីនោះ លោករំលឹកថា កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ ជំងឺអេដស៍ត្រូវបានរកឃើញមុនគេក្នុងដែនអាមេរិក ហើយបន្ទាប់មកបានរាលដាលដល់ទូទាំងពិភពលោក បានធ្វើឱ្យមនុស្សជាច្រើននាក់រងភាពឈឺចាប់ តើធ្លាប់ឃើញគេទៅប្តឹងអាមេរិក ថាត្រូវទទួលខុសត្រូវចំពោះករណីនេះទេ? ភាពរង្គោះរង្គើខាងហិរញ្ញវត្ថុឆ្នាំ២០០៨ក៏កើតចេញពីអាមេរិកដែរ រហូតដល់បានក្លាយជាវិបត្តហិរញ្ញវត្ថុសកលលោក តើមានអ្នកណាខ្លះធ្លាប់ទាមទារសហរដ្ឋអាមេរិកថា ត្រូវទទួលខុសត្រូវចំពោះករណីនេះ?
លោកបានបញ្ជាក់ថា អាមេរិកចាំបាច់ត្រូវមើលឱ្យបានច្បាស់ ថាសត្រូររបស់ពួកគេជាវីរុស មិនមែនជាប្រទេសចិនទេ។ លោកសង្ឃឹមថាបុគ្គលមួយចំនួនរបស់អាមេរិកបញ្ឈប់ការនិយាយដោយគ្មានទំនួលខុសត្រូវតទៅទៀត។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន៕