ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ មីនានេះ បានថ្លែងថា នៅពេលពលករខ្មែរនៅប្រទេសថៃ បានសម្រុកចូលស្រុកវិញ ដែលជាហានិភ័យ ហើយក្រសួងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ ឬដាក់ពួកគាត់ឲ្យនៅដាក់ដោយឡែក១៤ថ្ងៃដែរ។ការថ្លែងរបស់សម្តេចបែបនេះ ធ្វើ់ឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
បើតាមសម្តេច អាជ្ញាធរបានត្រឹមតែត្រួតពិនិត្យ ធ្វើបញ្ជីស្នាម ដើម្បីបញ្ជាក់ថាមុខសញ្ញានៅកន្លែងណា ដើម្បីបញ្ជូនទៅឲ្យអាជ្ញាធរខេត្តនៃទីលំនៅសាមីជនគ្រប់គ្រងបន្ត។សម្រាប់សម្តេច មូលហេតុដែលកម្មករខ្មែរសម្រុកចេញពីប្រទេសថៃ គឺដោយសារតែអាជ្ញាធរថៃ ប្រកាសបិទកន្លែងកំសាន្ត ផ្សារទំនើបនានា ធ្វើឱ្យប្រជាពលរដ្ឋថៃ និងពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសត្រឡប់មកស្រុកកំណើតវិញ៕