Cctimesw1140xh150cm copy

ច្បាប់«ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ»ត្រូវបានអនុម័ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំរបស់រដ្ឋសភា ក្នុងការសម្រេចអនុម័តច្បាប់ថ្មី

ភ្នំពេញ៖ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៥ មីនានេះ បានធ្វើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ការចេញច្បាប់ថ្មីនេះគឺដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការអនុវត្តក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានគ្រប់ជ្រុងជ្រោយ និង ទាន់សភាពការ។

រដ្ឋសភាកម្ពុជា បានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បើតាមរដ្ឋសភា ច្បាប់នេះរៀបចំឡើងសម្រាប់ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ក្នុងសេចក្ដីព្រាងច្បាប់ បានចាត់ទុកការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គឺជាមធ្យោបាយដ៏ប្រសើរ និងមានប្រសិទ្ធភាពតែមួយគត់ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លង។ បន្ថែមពីការចាក់វ៉ាក់សាំង គឺច្បាប់ថ្មីដែលទើបតែអនុម័តនេះឯង ដែលនិងជួយជ្រោមជ្រែងដល់មន្រ្តីអនុវត្តច្បាប់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនៅតាមរាជធានីខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ២៣នាក់បន្ថែមទៀតជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន០៥នាក់ផងដែរ។ ហើយមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៩៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៤២នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង