ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី ១ មីនានេះ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាញ់សម្លាប់ឧក្រិដ្ឋជន០៤នាក់។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអះអាងថា ឧក្រិដ្ឋជន០៤នាក់ដែលត្រូវបាញ់សម្លាប់នេះ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះភ្លាមៗ។
ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕






