ប៉ោយប៉ែត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះបិទក្រុមហ៊ុនបម្រើសេវាអុីនធឺណិតខុសច្បាប់ពីរកន្លែងនៅក្រុងប៉ោយប៉ែតព្រោះបើកដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
បើតាមអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំង អធិការនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានធ្វើការចុះត្រួតពិនិត្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធឺណិត ពីរកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត។
អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ទីតាំងទាំងពីរនេះមិនមានអាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទេ។
ទន្ទឹមនឹងនេះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមសមត្ថកិច្ចចម្រុះ បានសម្រេចបិទទ្វារក្រុមហ៊ុន ដោយរឹបអូសយកគ្រឿងឧបករណ៍បម្រើសេវាអុីនធឺណិត និងបានឃាត់ខ្លួនអភិបាលក្រុមហ៊ុនចំនួន ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
យ៉ាងណាមិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរផ្គត់ផ្គង់សេវាកម្មអុីនធឺណិតដោយមិនមានអាជ្ញាប័ណ្ណអនុញ្ញាត សូមរួសរាន់ទៅចុះបញ្ជីតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការបិទអាជីវកម្មពីអាជ្ញាធរ ព្រោះកម្លាំងចម្រុះនឹងបន្តសហការគ្នាដើម្បីចុះបង្ក្រាបជាបន្តបន្ទាប់នាពេលខាងមុខនេះ៕