ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់កូរ៉េខាងត្បូងដែលថា មីនរបស់ខ្លួនបានបង្កឱ្យមានការផ្ទុះកាលពីថ្ងៃទី ២១ ខែកញ្ញា នៅក្នុងតំបន់គ្មានយោធា (DMZ) បណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣ នាក់រងរបួស។ លោកស្រី គីម យ៉ូជុង (Kim Yo-jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសតាមរយៈទីភ្នាក់ងារសារព័ត៌មាន KCNA ដោយចោទប្រកាន់យោធាកូរ៉េខាងត្បូងថាបានប្រឌិតរឿងរ៉ាវគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីប្រើប្រាស់ជារឿងនយោបាយ និងធ្វើជាលេសក្នុងការញុះញង់ផ្នែកយោធាប្រឆាំងនឹងក្រុងព្យុងយ៉ាង។ លោកស្រីបានបញ្ជាក់ថា ការសាងសង់របាំងព្រំដែនដោយយោធាកូរ៉េខាងជើង គឺជាការអនុវត្តអធិបតេយ្យភាពស្របច្បាប់ ព្រមទាំងបានព្រមានទៀតថា ប្រសិនបើយោធាកូរ៉េខាងត្បូងហ៊ានបាញ់ប្រហារមកលើទាហានកូរ៉េខាងជើង អង្គភាពការពារព្រំដែនរបស់ខ្លួននឹងបើកការវាយប្រហារសងសឹកភ្លាមៗជាបន្ទាន់ និងគ្មានមេត្តា។
គណៈអគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបានច្រានចោលការបកស្រាយរបស់លោកស្រី គីម យ៉ូជុង ដោយបញ្ជាក់ថាលទ្ធផលស៊ើបអង្កេតផ្អែកលើភស្តុតាងរន្ធផ្ទុះ និងបំណែកមីនច្បាស់លាស់ ព្រមទាំងបានទាមទារឱ្យកូរ៉េខាងជើងចេញមុខសុំទោសជាផ្លូវការ និងចាត់វិធានការទទួលខុសត្រូវជាបន្ទាន់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kang Shin-chul បានបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបានត្រៀមរៀបចំ វិធានការតបតសមស្រប រួចជាស្រេចហើយ ខណៈបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (U.N. Command) ដែលត្រួតពិនិត្យបទឈប់បាញ់ ក៏បានស៊ើបអង្កេត និងសន្និដ្ឋានជាផ្លូវការថា ការដាក់មីនរបស់កូរ៉េខាងជើងនៅភាគខាងត្បូងនៃខ្សែបន្ទាត់ MDL ពិតជាបានប្រព្រឹត្តទៅប្រាកដមែន ហើយហេតុការណ៍នេះគឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ១៩៥៣។
គួររម្លឹកថាហេតុការណ៍ផ្ទុះមីន បានកើតឡើងនៅក្នុងបរិបទដែលទំនាក់ទំនងរវាងកូរ៉េទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជាផ្លូវការថា កូរ៉េខាងត្បូងគឺជារដ្ឋអរិភាពរបស់កូរ៉េខាងជើង។ ចាប់តាំងពីដើមឆ្នាំ២០២៤ មក យោធាកូរ៉េខាងជើងបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្លានៅតាមបណ្តោយព្រំដែន រួមមានការដាក់មីនបន្ថែម ការសាងសង់របាំងការពាររថក្រោះ និងការបោះបង្គោលលួសបន្លា ខណៈរបាយការណ៍យោធាបង្ហាញថា កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់ MDL ជាច្រើនលើកក្នុងរយៈពេលចុងក្រោយនេះ ដែលជាការកើនឡើងយ៉ាងគំហុក និងបានធ្វើឱ្យតំបន់ DMZ ក្លាយជាចំណុចក្តៅប្រឈមមុខដាក់គ្នាដែលអាចផ្ទុះជម្លោះជាថ្មីបានគ្រប់ពេលវេលា៕