Swift cc time

កូរ៉េខាងខាងត្បូង នឹងវិនិយោគចូលអាម៉េរិកក្នុងទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីសហរដ្ឋអាមេរ៉េក លោក Donald Trump បន្ទាប់ពីកិច្ចពិភាក្សារបស់លោកទាំងពីរនៅក្នុងការិយាល័យ Oval Office នៃសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥  (EPA/Yonhap)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសចេញពីការិយាល័យ Oval Office អំពីផែនការវិនិយោគយុទ្ធសាស្ត្រទំហំ ២០០ ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងសហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃកញ្ចប់វិនិយោគសរុប ៣៥០ ពាន់លានដុល្លារ (រួមបញ្ចូលទាំង ១៥០ ពាន់លានដុល្លារសម្រាប់ការសាងសង់កប៉ាល់) ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ កញ្ចប់វិនិយោគដែលលោក ត្រាំ លើកយកមកបង្ហាញដើម្បីពង្រឹងសមិទ្ធផលសេដ្ឋកិច្ចមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានេះ រួមមានការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំចំនួន ៨ ការបង្កើតរោងចក្រថាមពលដើរដោយឧស្ម័នកម្ពាំង ៦ ជីហ្គាវ៉ាត់នៅរដ្ឋ Texas ដើម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រផលិតបន្ទះឈីប ព្រមទាំងគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិរាវ (LNG) តម្លៃ ៥៤ ពាន់លានដុល្លារនៅរដ្ឋ Alaska។

រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងបំពង់បង្ហូរឧស្ម័ន Alaska LNG ប្រវែង ១,៣០០ គីឡូម៉ែត្រ និងរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងនោះ នៅមិនទាន់មានការសម្រេចចិត្តផ្លូវការនៅឡើយទេ ដោយទីក្រុងសេអ៊ូលត្រូវសិក្សា និងប្រាកដប្រជាលើ ភាពអាចទៅរួចផ្នែកពាណិជ្ជកម្ម ច្បាប់ និងហិរញ្ញវត្ថុ ជាមុនសិន។

ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានទទួលស្គាល់ថា គម្រោងរោងចក្រថាមពលដើរដោយឧស្ម័ននៅរដ្ឋ Texas ត្រូវបានជ្រើសរើសជាផ្លូវការរួចហើយ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃឃើញថាមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ខណៈអ្នកវិភាគព្រមានថា ភាពមិនស៊ីសង្វាក់គ្នានៃព័ត៌មានលម្អិតរវាងភាគីទាំងពីរអាចនាំឱ្យមានជម្លោះលើការអនុវត្តកិច្ចព្រមព្រៀងនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង