Swift cc time

ជប៉ុន រឹតបន្តឹងលក្ខខណ្ឌសុំ «ស្នាក់នៅអចិន្ត្រៃយ៍» សម្រាប់ជនបរទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ ចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ ប្រទេសជប៉ុនបានប្រកាសរឹតបន្តឹងលក្ខខណ្ឌសម្រាប់ជនបរទេសដែលមានបំណងសុំទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយគ្រប់គ្រងអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi។ ក្រោមបទប្បញ្ញត្តិថ្មីនេះ បេក្ខជនត្រូវតែមានប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់ជាងមធ្យមភាគទូទៅ អាចសន្ទនាភាសាជប៉ុនបាន និងមានប្រវត្តិបង់ប្រាក់សោធននិវត្តន៍ស្មើនឹងការបង់ ៣០ ឆ្នាំ ខណៈដែលតម្លៃសេវាពាក្យសុំបានកើនឡើងរហូតដល់ ២០ ដង គឺពី ១០,០០០ យ៉េន រហូតដល់ ២០០,០០០ យ៉េន (ប្រមាណ ១,២៧៥ ដុល្លារ)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA វិធានការនេះធ្វើឡើងចំពេលដែលពលរដ្ឋជប៉ុនមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការហូរចូលនៃជនបរទេស ទោះបីជាប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិកង្វះខាតកម្លាំងពលកម្ម និងកំណើនប្រជាជនវ័យចំណាស់យ៉ាងធ្ងន់ធ្ងរក៏ដោយ។

លោកស្រី Takaichi បានបញ្ជាក់ថា គោលនយោបាយនេះមានគោលបំណងបង្កើត «ការរស់នៅជាមួយគ្នាតាមបែបមានសណ្តាប់ធ្នាប់» និងកាត់បន្ថយភាពព្រួយបារម្ភរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក។ អ្នកជំនាញ និងអ្នកជំនួញជាច្រើនបានព្រមានថា ជប៉ុនចាំបាច់ត្រូវតែបើកទ្វារទទួលយក និងរក្សាទុកពលករឱ្យបានវែងឆ្ងាយបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិឱ្យមានចីរភាព។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកស្រី Sanae Takaichi បានបង្កើនការរឹតបន្តឹងលើជនបរទេសជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីឆ្នាំមុន គណបក្សកាន់អំណាច LDP របស់លោកស្រី ក៏បានរឹតបន្តឹងលក្ខខណ្ឌទិដ្ឋាការអ្នកគ្រប់គ្រងអាជីវកម្ម (Business Manager Visa) ដែលធ្វើឱ្យសហគ្រិនបរទេសណាដែលមិនអាចបំពេញតាមលក្ខខណ្ឌថ្មី ត្រូវបង្ខំចិត្តចាកចេញពីប្រទេសជប៉ុន៕

Khcct banner

អត្ថបទទាក់ទង