វ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិកបានសម្រេចចិត្តក្នុងសំឡេងភាគច្រើន ៦ ទល់នឹង ៣ ដោយលុបចោលបញ្ជាផ្អាកការប្រហារជីវិតជាបណ្តោះអាសន្នរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាម៉េរិកប្រចាំតំបន់ទី ៦ ដើម្បីបើកផ្លូវឱ្យរដ្ឋ Tennessee អាចបន្តដំណើរការប្រហារជីវិតលើជនល្មើស Christa Pike អាយុ ៥០ ឆ្នាំ តាមរយៈការចាក់ថ្នាំសម្លាប់។ នាង Pike ដែលត្រូវបានកាត់ទោសពីបទសម្លាប់មិត្តរួមសាលាកាលពីនាងមានអាយុ ១៨ ឆ្នាំ នឹងក្លាយជាស្ត្រីដំបូងគេបង្អស់ដែលត្រូវទទួលទោសប្រហារជីវិតនៅក្នុងរដ្ឋនេះក្នុងរយៈពេល ២០០ ឆ្នាំ និងជាមនុស្សតែម្នាក់គត់ក្នុងសម័យកាលទំនើបដែលត្រូវបានប្រហារជីវិតនៅរដ្ឋ Tennessee ចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តកាលពីនៅជាយុវវ័យ។
ការសម្រេចចិត្តរបស់តុលាការកំពូលនេះបានកើតឡើង បន្ទាប់ពីអភិបាលរដ្ឋលោក Bill Lee បានបដិសេធសំណើសុំការលើកលែងទោសរបស់នាង Pike ដែលរូបគេបានលើកឡើងពីការឈឺចាប់ផ្លូវចិត្តកាលពីកុមារភាព និងការរំលោភបំពានផ្លូវភេទទើបឈានទៅដល់ការជ្រុលដៃសម្លាប់មិត្តរបស់នាង។ នាយកដ្ឋានកែប្រែអាកប្បកិរិយារបស់រដ្ឋ Tennessee បានប្រកាសពីផែនការបន្តដំណើរការប្រហារជីវិតនៅឯពន្ធនាគារសន្តិសុខកម្រិតខ្ពស់ Riverbend ក្នុងទីក្រុង Nashville មុនពេលដីកាប្រហារជីវិតផុតសុពលភាពនៅពាក់កណ្តាលអធ្រាត្រ ដោយបញ្ជាក់ថា ប្រសិនបើរដ្ឋអនុវត្តមិនទាន់ពេលវេលាទេ ខ្លួននឹងត្រូវស្នើសុំដីកាថ្មីមួយទៀតពីតុលាការកំពូលរដ្ឋ Tennessee ជាបន្ត៕