Swift cc time

កម្ពុជា-ចិន ដាក់ឱ្យដំណើរការ ការទូទាត់ប្រាក់ដោយប្រើ WeChat Pay ស្កេន KHQR

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និងចិន បានប្រកាសរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូទាត់ប្រាក់ដោយប្រើ WeChat Pay ស្កេន KHQR របស់កម្ពុជា។កម្មវិធីនេះនឹងជួយសម្រួលឱ្យភ្ញៀវទេសចរចិនដែលមកកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ដោយប្រើប្រាស់ WeChat Pay (Weixin Pay) ដើម្បីស្កេន KHQR ដែលជា QR code ស្តង់ដាររួមរបស់កម្ពុជា។ 

ការប្រកាសដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាម៉េរិកខាងជើង និងអាម៉េរិកឡាទីន។

កម្មវិធីទូទាត់ឆ្លងដែនតាមរយៈ QR code នឹងជួយឱ្យអ្នកប្រើប្រាស់ កម្មវិធីទូទាត់ចល័ត WeChat Pay (Weixin Pay) ជាពិសេស ភ្ញៀវទេសចរចិន អាចស្កេនទូទាត់តាម ខេអេចឃ្យូអរកូត ( KHQR) របស់កម្ពុជា បានយ៉ាងងាយស្រួលនៅតាមហាងទំនិញ អាជីវកម្មនានា សម្រាប់ការទិញទំនិញ ទទួលទានអាហារ ការធ្វើដំណើរ ការស្នាក់នៅ និង សកម្មភាពកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

ភ្ញៀវទេសចរដែលធ្វើដំណើរមកពីចិន នឹងទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្តិភាព និងងាយស្រួល ដោយមិនចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ និងមិនតម្រូវឱ្យមានប័ណ្ណទូទាត់។ចំណែកសហគ្រាសក្នុងប្រទេសកម្ពុជាវិញ អាចទទួលបានការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈកម្មវិធីថ្មីនេះ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា និងភាគីចិន ចាត់ទុកជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និង ចិន ដើម្បីជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រវាងប្រទេសទាំងពីរ ហើយវានឹងជួយសម្រួលបន្ថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ការចំណាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការទូទាត់ឆ្លងដែន៕



Khcct banner

អត្ថបទទាក់ទង