ភ្នំពេញ៖ សហរដ្ឋអាម៉េរិកនឹងបន្ថែមផ្តល់ជូនក្រសួងសុខាភិបាល នូវឧបករណ៍ចាប់មូស ចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។ នេះជាការលើកឡើងរបស់លោកស្រី Aleksandra Zittle ភារធារីស្តីទី (Chargé d’Affaires, a.i.) នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានអរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសលើជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការពិនិត្យតាមដានជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។
ជំនួបនេះបានផ្តោតលើវឌ្ឍនភាព និងជំហានបន្ទាប់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក រួមទាំង MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្នាំ២០២៦–២០៣០ និងកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក (NIH)។
ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើ Global Health Security, Laboratory Capacity, Disease Surveillance, Influenza, Research និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំបច្ចេកទេសជាប្រចាំ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។
ជាមួយគ្នានេះដែរ ភាគីសហរដ្ឋអាម៉េរិក បានបន្ថែមថា សហរដ្ឋអាម៉េរិកនឹងបន្ថែមផ្តល់ជូនក្រសួងសុខាភិបាល នូវឧបករណ៍ចាប់មូស ចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម៕