ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន AIAI និងភាគីដៃគូ (Yuntou Group) ក្នុងការជំរុញសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពប្រតិបត្តិការជារួម។ ក្នុងនោះក៏មានការលើកឡើងនូវសំណើគម្រោងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ដែលមានឈ្មោះថា«អច្ឆរិយៈអង្គរ - Miracle Angkor» ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។
គម្រោង«អច្ឆរិយៈអង្គរ - Miracle Angkor» នៅអាកាសយានដ្ឋានសៀមរាបចាស់នេះ ជាការសិក្សាគម្រោងអភិវឌ្ឍន៍នៅលើទីតាំងអាកាសយានដ្ឋានចាស់ទំហំ ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី (រួមមានមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន) ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ (Transit) មកជាទេសចរណ៍ស្នាក់នៅ (Stayover) (បន្ថែមការស្នាក់នៅ ១-២ យប់)។
គោលដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយតំណាងក្រុមហ៊ុន AIAI និងភាគីដៃគូ (Yuntou Group)។ ក្នុងនោះ តំណាងក្រុមហ៊ុន AIAI ជាមួយនឹងភាគីដៃគូ (Yuntou Group) ក៏បានរាយការណ៍អំពីសំណើគម្រោងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ដែលមានឈ្មោះថា “ អច្ឆរិយៈអង្គរ - Miracle Angkor ” ស្របទៅតាមផែនការជាដំណាក់ការៗ និងប្រើឱ្យអស់នូវសក្តានុពលដែលមាន សម្រាប់សកម្មភាពវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងព្រឹត្តិការណ៍នានា។
សំណើគម្រោងការនេះនឹងត្រូវការសិក្សា វាយតម្លៃបន្ថែម ព្រមទាំងការសម្របសម្រួលជាមួយអន្តរក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដោយគោរពតាមច្បាប់ បទប្បញ្ញត្តិ សុវត្ថិភាពអាកាសចរណ៍ ការគ្រប់គ្រងដីធ្លី និងតម្រូវការការពារបេតិកភណ្ឌ៕