ភ្នំពេញ៖ នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច កាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំំ ២០២០ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
បុរសម្នាក់ជានាយរងការិយាល័យព្រហ្មទណ្ឌស្រាលនៃស្នងការរាជធានីភ្នំពេញ ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ការបាញ់នេះ ក្រោយជនរងគ្រោះ និង ក្រុមជនបង្កជួបគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ។
បើតាមប្រភពបានឱ្យដឹងថា ការបាញ់ប្រហារនេះ គឺជនរងគ្រោះ បើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២BD-៣៧៣៨ តាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។
ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង បើកមកបុកគូទឡានបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។ បន្ទាប់មកភាគីទាំងសងខាងបានឈប់ដើម្បីចរចាគ្នាដោយភាគីបានសម្រួលគ្នា ដោយគ្រាន់តែអោយភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានដដែលបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្តចំណែកបក្ខពួក២នាក់ទៀតបានដកកាំភ្លើងមិនចាំម៉ាកបាញ់ប្រហារទៅលើជនរងគ្រោះជាច្រើនគ្រាប់ ។ ក្រោយមក ក្រុមជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ទន្ទឹមនឹងនេះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ទោះបីយ៉ាងណាក្ដី ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ចំពោះការបាញ់ប្រហារ នេះ តើកើតឡើងភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ឬ ជាការរៀបចំគម្រោងបាញ់សម្លាប់ជនរងគ្រោះ ជាមុន។ ចំណែកឯ មជ្ឈដ្ឋានជាច្រើន ក៏កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ផងដែរ និង សង្ឃឹមថា ជនបង្កនឹងត្រូវបានចាប់ខ្លួននាពេលឆាប់ៗខាងមុខនេះ ៕