កូរ៉េ៖ពលការនីផ្នែកកសិកម្មដែលដេកស្លាប់ នៅផូឆន់ ប្រទេសកូរ៉េខាងត្បូង។ស្ត្រីខ្មែរ អាយុ៣០ឆ្នាំ ធ្វេីការផ្នែកកសិកម្មក្នុងរោងប្លាស្ទីក បានដេកស្លាប់ក្នុងកន្លែងស្នាក់នៅ ក្រោមរោងប្លាស្ទីក កាលពីថ្ងៃទី២០ខែ១២ កន្លងមកនេះ។ថ្ងៃដែលស្លាប់នោះ ជាថ្ងៃដែលត្រជាក់ខ្លាំង-២០អង្សា ជាថ្ងៃដែលស្ថិតក្រោមរលកត្រជាក់ខ្លាំង។ប៉ុន្តែស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនីជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។
ពលការិនីខ្មែររូបនេះធ្វើការផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់លិខិតឆ្លងដែនលេខ N002***** ។នាងបានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។
បើតាមរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាកសព ដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។ យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។
តែយ៉ាងណាក៏ដោយ ក្នុងករណីនេះ សង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗគ្នាដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមបញ្ជាក់ថា ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។
បច្ចុប្បន្នស្ថានទូតកម្ពុជា បានជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឱ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។
ទាក់ទងនឹងកន្លែងស្នាក់នៅវិញ នាពេលកន្លងមក ស្ថានទូតកម្ពុជា បានអះអាងថា ខ្លួននិងស្ថានទូតតាមបណ្ដាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស៕