ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចនឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និង ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់ឡាវ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងបណ្តាលខេត្តនៅជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្លាប់ និងសុវត្តិភាពសង្គម។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចក្រឡាហោម ស ខេង ក៏គ្រោងនឹងអញ្ជើញជួយសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីលូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រធិបតេយ្យប្រធាមានិតឡាវផងដែរ៕