ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៦នេះ ក្រុមអ្នកនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត។ នេះយោងតាមទូតអារ៉ាប៊ីសាអូឌីត ថ្លែងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៦ មករា ២០២៦។
យោងតាមលទ្ធផលនៃជំនួបរវាង សម្តេច ហ៊ុន សែន ជាមួយ ទូតអារ៉ាប៊ីសាអូឌីត ដែលរាយការណ៍ដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា បានមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាជាបន្តបន្ទាប់ ហើយអាចនឹងបន្តរីកចម្រើនបន្ថែមទៀតក្លាយជាប្រទេសរីកចម្រើនខ្លាំងនៅតំបន់អាស៊ាន។លោកចូលរួមសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ពីភាពរីកចម្រើនឥតឈប់ឈរនេះ។
បន្ថែមពីនេះ លោក Mohammed Ismaeil A. Dahlwy បានប្រាប់សម្តេច ហ៊ុន សែនថា នៅក្នុងឆ្នាំ២០២៦នេះ ក្រុមអ្នកនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត។ត្រង់ចំណុចនេះ សម្តេច ហ៊ុន សែន សាទរ និងគាំទ្រយ៉ាងខ្លាំង ហើយសង្ឃឹមថា ទំនាក់ទំនងរវាង កម្ពុជា និង អារ៉ាប៊ីសាអូឌីត នឹងកាន់តែរីកចម្រើន៕