681 ezgif.com resize
Swift cc time

យុវជនឆ្នើម ៣ក្រុម ទទួលជ័យលាភីក្នុង«កម្មវិធីជំនាន់ថ្មី ២០២៥» លើគំនិតដោះស្រាយបញ្ហាយុវជន និងសហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ក្រុម Super Mom (ប្រភព: អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា)

ភ្នំពេញ៖ ក្នុងចំណោមគម្រោង១៥ក្រុម ដែលមកពីទីក្រុងភ្នំពេញ និងខេត្តសៀមរាប យុវជន៣ក្រុមបានជ័យលាភីក្រុមឆ្នើម នៃកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២៥ និងទទួលបានថវិកាគាំទ្របន្ថែម ចំនួន ១០០០ ដុល្លារ ដើម្បីបន្តកែលម្អគំរូដំបូងរបស់ពួកគេ។ គម្រោងទាំងបីជាគម្រោងដែលផ្តោតលើ ការអប់រំស្ទែម សុខភាពផ្លូវចិត្ត និង សុខភាពមាតា។ មុននឹងជ្រើសរើសគម្រោងឆ្នើម យុវជនទាំង១៥ក្រុម បានចុះតាមសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូក្នុងមូលដ្ឋាន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈម និងកំណត់ដំណោះស្រាយចំពោះបញ្ហានានា ដែលមានផលប៉ះពាល់ចំពោះយុវជន និងសហគមន៍នៅពេលបច្ចុប្បន្ន។

ក្រុម Hyper Healer

យោងតាមគេហទំព័រយូនីសេហ្វប្រចាំនៅកម្ពុជា បានឱ្យដឹងថា «កម្មវិធីជំនាន់ថ្មី» ផ្ដល់ឱកាសជូនដល់យុវជនដែលមានសាវតារខុសៗគ្នានៅកម្ពុជា ដើម្បីរៀនសូត្រ មានភាពរីកចម្រើន និងចែករំលែកគំនិតប្រកបដោយនវានុវត្តន៍ថ្មីៗ។ តាមរយៈការផ្ដល់ភាពអង់អាចជូនដល់នវានុវត្តន៍ករ និងអ្នកធ្វើការផ្លាស់ប្ដូរជំនាន់ក្រោយជាមួយនឹងជំនាញសហគ្រិនភាពនៅក្នុងការដំណើរការគម្រោងសហគមន៍ កម្មវិធីជំនាន់ថ្មីមានបំណងកសាងប្រទេសកម្ពុជាដែលកាន់តែខ្លាំងក្លា កាន់តែមានបរិយាបន្ន និងមានការរៀបចំផែនការសម្រាប់ពេលអនាគត។ នៅឆ្នាំ២០២៥ អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានចាប់ដៃគូជាមួយសហគ្រាសសង្គមមួយឈ្មោះ អ៊ីមផេកហាប់ (Impact Hub) ដើម្បីគាំទ្រដល់អ្នកដឹកនាំវ័យក្មេង ១០៥នាក់ ដែលកំពុងធ្វើការងាររួមគ្នាជាក្រុមចំនួន ១៥ក្រុម នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ក្រុម Empower Girls 

នៅក្នុងរយៈពេលប្រាំពីរខែនេះ យុវជនទាំង១០៥នាក់បានចូលរួមនៅក្នុងការបោះជំរុំ (Bootcamp) ការចុះតាមសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូក្នុងមូលដ្ឋាន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈម និងកំណត់ដំណោះស្រាយចំពោះបញ្ហានានា ដែលមានផលប៉ះពាល់ចំពោះយុវជន និងសហគមន៍នៅពេលបច្ចុប្បន្ន ដូចជា សុខភាពផ្លូវចិត្ត ការប្រែប្រួលអាកាសធាតុ អនាម័យពេលមានរដូវ ការចូលរួមរបស់យុវជនក្នុងនាមជាពលរដ្ឋ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បំណិនជីវិត និងប្រធានបទជាច្រើនទៀត។ នៅលើផ្លូវធ្វើដំណើរនេះ ពួកគេទទួលបានការណែនាំពីអ្នកណែនាំ និងគ្រូបង្វឹក ចូលរួមនៅក្នុងថ្នាក់ពិសេស និងប្រើប្រាស់ថ្នាលរៀនសូត្រអនឡាញ ដើម្បីរៀនសូត្រទៅតាមល្បឿនរបស់ពួកគេ។

ជាលទ្ធផល ក្នុងចំណោម១៥ក្រុម មានយុវជនបីក្រុម បានជ័យលាភីក្រុមឆ្នើម និងទទួលបានថវិកា១០០០ដុល្លារ ដើម្បីបន្តបេសកកម្មរបស់ពួកគេ រួមមាន ក្រុម Empower Girls, ក្រុមHyper Healer, និងក្រុម Super Mom។ 

ក្រុម Empower Girls បានបណ្ដុះគំនិត និងចំណាប់អារម្មណ៍ក្មេងស្រីៗឱ្យចូលចិត្តវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា)។ ក្រុមយុវជននេះ បានបង្កើតគម្រោងនេះឡើង ដើម្បីបង្កើតសៀវភៅណែនាំ និងប្រអប់បច្ចេកវិទ្យា ដែលអាចជួយឲ្យយុវតីៗអាចស្វែងយល់ និងប្រលូកក្នុងវិស័យនេះ ដូចដែលពួកគេប៉ងប្រាថ្នា។ 

ចំណែកឯ ក្រុម Hyper Healer ផ្តោតលើការបន្ធូរភាពតានតឹងផ្លូវចិត្តរបស់យុវជន។ ពួកគេបានបង្កើតកាតរូបភាព ដែលមានពាក្យលើកទឹកចិត្តសាមញ្ញៗ ដែលក្រុមមិត្តភក្តិអាចលេងជាមួយគ្នាដើម្បីបើកចិត្ត ឆ្លុះបញ្ចាំងពីខ្លួនឯង និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។ 

ក្រុម ‘Super Mom’ ជាក្រុមជ័យលាភីមួយនៃ កម្មវិធីជំនាន់ថ្មី ឆ្នាំ២០២៥ ជាក្រុមមកពីខេត្តសៀមរាប ផ្តោតលើបញ្ហាសុខភាពស្ត្រីមានផ្ទៃពោះ ដែលជារឿងងាយនឹងត្រូវបានមើលរំលង។ ស្ត្រីមានផ្ទៃពោះជាច្រើនជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូច្នេះទើប ក្រុម Super Mom បានបង្កើតប្រតិទិន «ប្រាំបួនខែ ដប់ថ្ងៃ» ដើម្បីជួយម្តាយតាមដានអារម្មណ៍របស់ខ្លួន ព្រមទាំងរៀនបន្ថែមពីគន្លឹះសំខាន់ៗអំពីអាហារូបត្ថម្ភសម្រាប់ខ្លួនឯង និងទារក។

គួរបញ្ជាក់ថា មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការធ្វើបទបង្ហាញលទ្ធផលគម្រោងនេះ ក្រុមយុវជនបានឆ្លងកាត់វគ្គជម្រុះ ដូចជា វគ្គ Hackathon មានយុវជនចំនួនជាង ១៥០នាក់មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ចូលរួមវគ្គ Hackathon ក្នុងរយៈពេលមួយថ្ងៃ ហើយនៅត្រឹមចុងបញ្ចប់នៃវគ្គ Hackathons មានការជ្រើសរើសក្រុមលេចធ្លោចំនួន ១៥ក្រុមដើម្បីប្រែក្លាយគំនិតរបស់ពួកគេក្លាយទៅជាការពិតជាក់ស្ដែងជាមួយនឹងការផ្ដល់មូលនិធិដើមទុនពីយូនីសេហ្វ។

បន្ទាប់មក ក្រុមដែលត្រូវបានជ្រើសរើសទាំង ១៥ក្រុមបានឆ្លងកាត់ការបោះជំរុំរយៈពេលប្រាំថ្ងៃ ដើម្បីកំណត់ដំណោះស្រាយរបស់ពួកគេចំពោះបញ្ហាសហគមន៍ ដែលពួកគេចង់ដោះស្រាយ។ កិច្ចគាំទ្រពីគ្រូបង្វឹក និងដៃគូគម្រោងជួយប្រែក្លាយគំនិតទៅជាវិធានការ និងសកម្មភាពដែលអាចធ្វើបាន។ បន្ទាប់ពីការពង្រឹងគំនិតគម្រោងរបស់ពួកគេ កម្មវិធីនឹងផ្គូផ្គងគំនិតទាំងនោះជាមួយនឹងអ្នកណែនាំវិជ្ជាជីវៈ និងមានបទពិសោធន៍មកពីឧស្សាហកម្មផ្សេងៗគ្នា ដើម្បីដឹកនាំពួកគេនៅទូទាំងការអនុវត្ត និងការកែលម្អគម្រោង។ ជាចុងក្រោយ នៅថ្ងៃទី២៩​ វិច្ឆិកា ២០២៥  ទើបតម្រូវឱ្យមានការធ្វើបទបង្ហាញ ដើម្បីស្វែងរកគម្រោងឆ្នើមចំនួនបីក្រុម នៅ Factory Phnom Penh៕


Khcct banner

អត្ថបទទាក់ទង