Cctimesw1140xh150cm copy

ការជួសជុល«ជណ្តើរ និងជញ្ជាំង»ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែងសម្រេចបាន៥០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន៥០%ហើយ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរជាតិអប្សរា។ការជួសជុលនេះ គាំទ្រដោយមូលនិធិប្រាសាទពិភពលោក(World Monument Fund) របស់អាម៉េរិក បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និង ខាងជើងរួចរាល់។

ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និង ទឹកហូរច្រោះបណ្ដាលឱ្យរចនាសម្ពន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និង ជញ្ជាំងរួតផ្នែកខាងលិចនៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និង ហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។

បច្ចុប្បន្ននេះ​ ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ ចំណែកឯជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

គួររម្លឹកជូនថា ប្រាសាទភ្នំបាខែង កសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។ប្រាសាទនេះ ស្ថិតនៅចំកណ្តាលទីក្រុងយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង