ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង, អង្គការ Foyer Lataste និង ដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា នៅថ្ងៃទី១៣ វិច្ឆិកា នេះ បានចាប់ផ្តើមយុទ្ធនាការ «ការជិះកង់ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន» ក្នុងរយៈចម្ងាយ ៤២៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៥ នៃប្រទេសកម្ពុជា។ ការជិះកង់នេះ បានផ្ដើមពីសាលាទន្សាយដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក នឹងបញ្ចប់នៅការិយាល័យអង្គការ Foyer Lataste ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
កម្មវិធីជិះកង់ដើម្បីការអប់រំក្នុងរយៈចម្ងាយ ៤២៥ គីឡូម៉ែត្រ គឺជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជា សាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងការពារកុមា រនិងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ។ កម្មវិធីជិះកង់នេះ ចាប់ផ្ដើមចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងគោលបំណងអំពាវនាវដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្ដើមនាខែធ្នូ ខាងមុខ។
យុទ្ធការនេះនឹងប្រព្រឹត្តក្នុងអត្ថន័យលើកកម្ពស់ការអប់រំនៅកម្ពុជា ក៏ដូជាការរំលឹកនូវពលីកម្មរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកសម្ព័ន្ធភាព ទូទាំងប្រទេសដែលតស៊ូជម្នះរកគ្រប់វិធី ដើម្បីជំរុញអោយកុមារដែលងាយនឹងបាត់បង់ឱកាសក្នុងការរៀនសូត្រ ទទួលនូវលទ្ធភាពតាមរយៈសម្ភារៈសិក្សា កាបូប ថ្នាក់បំប៉ន ក៏ដូចជាកង់ និងមធ្យោបាយមួយចំនួនទៀត ដើម្បីជំរុញអោយពួកគេអាចបន្តការសិក្សាទៅមុខបានដោយមិនបោះបង់ចោលទោះជួបការលំបាកយ៉ាងណាក៏ដោយ។ ជាពិសេស ដំណើរការជិះកង់រយៈពេលជាង១សប្តាហ៍នេះនឹងផ្តល់នូវអត្ថន័យយ៉ាងធំធេងដល់ការ ពលីទាំងឡាយក្នុងវិស័យអប់រំ ព្រោះថាការវិនិយោគក្នុងវិស័យអប់រំ គឺជាការវិនិយោគដល់ការអភិវឌ្ឍន៍ របស់សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គមទាំងមូល។
កម្មវិធីជិះកង់ដើម្បីការអប់រំ នឹងឆ្លងកាត់ខេត្តចំនួន ៥ នៃប្រទេសកម្ពុជា ដោយឆ្លងកាត់បឹងទន្លេសាបនៃប្រទេសកម្ពុជា ជាមួយនឹងសិស្សសាលាជាង៥០០នាក់ នឹងចូលរួមយុទ្ធនាការនេះដោយជិះកង់ទៅកាន់សាលារៀនដែលបានកំណត់។ ការជិះកង់ដើម្បីការអប់រំ នឹងចាកចេញពីសាលាទន្សាយដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោកទៅកាន់ចំណតទីមួយ ដែលស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយសិស្សានុសិស្សជាងសាមសិបនាក់ក្នុងគោលបំណងរៀបចំកិច្ចពិភាក្សារួម ក្រោមប្រធានបទ «គណនេយ្យភាពសង្គម៖ ទាក់ទងនឹងសុខភាព និងការអប់រំ»។
ក្នុងឱកាសនៃការជួបជុំនៅក្នុងចំណតទីមួយនេះ អង្គការអេដអេអាកស្យុង នឹងចូលរួមចំណែកលើកទឹកចិត្តដល់ទម្លាប់នៃការអានដោយមានការចែកនូវសៀវភៅសរសេរនិងសៀវភៅអំណានទៅកាន់សិស្សានុសិស្ស។ បន្ទាប់មកបន្តដំណើរទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ដូចជាសាលាដទៃទៀតនៅ ស្រុកស្ទោង និង ខេត្តសៀមរាប ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយពីសារៈសំខាន់នៃវិស័យអប់រំ លើការអប់រំបរិយាបន្ន យុវជនស្ម័គ្រចិត្តក្នុងវិស័យអប់រំ និង ជាចំណែកមួយក្នុងការផ្សព្វផ្សាយអោយមាន ការចុះឈ្មោះចូលរៀន ក្នុងបវេសនកាលថ្មីឆ្នាំ២០២៣-២០២៤។
អង្គការ អេដ អេ អាកស្យុង នឹងបន្តកម្មវិធីជិះកង់ដើម្បីការអប់រំ ពីកំពង់ឆ្នាំងទៅកំពង់ធំ និងពីកំពង់ធំទៅសៀមរាបរួមជាមួយនឹងបេសកកម្មក្នុងការបរិច្ចាគសៀវភៅជាងមួយពាន់ក្បាលដល់សាលាគោលដៅទាំងអស់ក្នុងខេត្តចំនួនបីនិងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
គួរបញ្ជាក់ថា ក្រោមថវិការួមគ្នារបស់កម្មវិធីអប់រំកុមារ (EAC) នៃមូលនិធិអប់រំទាំងអស់គ្នា (Education Above All Foundation) ប្រទេសកាតា និងសហភាពអឺរ៉ុប (European Union) អង្គការអេដ អេ អាកស្យុង បាននិងកំពុងអនុវត្តសកម្មភាពរបស់គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់ រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា-CCOSC» នៅក្នុងក្របខ័ណ្ឌទូទាំង២៥ ខេត្ត និងរាជធានី៕