ភ្នំពេញ៖ សមត្ថកិច្ចឃាត់បានជនសង្ស័យពីរនាក់ ក្នុងករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅអគារខុនដូមួយកន្លែងក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក មាស វិរិទ្ធ អគ្គលេខាធិការដ្ឋាននៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងមានសមត្ថកិច្ចឃាត់បានជនសង្ស័យពីរនាក់ ដែលមានបុរសជាជនជាតិចិនម្នាក់ និងស្រ្តីជាជនជាតិថៃម្នាក់ ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។
បើតាមលោក មាស វិរិទ្ធ បានបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀននេះជាក្រុមជួញដូរប្រដាប់អាវុធដែលមានអង្គការចាត់តាំង។ នៅក្នុងប្រតិបត្តិការនេះជនសង្ស័យបានបាញ់តដៃមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ខណៈសមត្ថកិច្ចបាញ់តបតដើម្បីការពារខ្លួន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យចំនួនពីរនាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វើការសាកសួរនៅមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តស្វែងរកបក្សពួកយកមកផ្ដន្ទាទោសតាមច្បាប់៕