ក្វាងសុី៖ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចំនួន៨នៃតំបន់អាសុីអាគ្លេយ៍ បានមកជួបជុំគ្នានៅខេត្តក្វាងសុីប្រទេសចិន ក្រោមពាក្យស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាព និង ចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» ។ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី បានរៀបចំបើកជាផ្លូវការនៅព្រឹកថ្ងៃ ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងខេត្តក្វាងស៊ីផងដែរ។
ក្រុមអ្នកសារព័ត៌មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវបានរៀបចំឱ្យទស្សនកិច្ចនៅទីក្រុងជីញកាំង ដែលនឹងទៅពិនិត្យការធ្វើសកម្មភាពឡើងវិញនៃការដោះដូរទំនិញដ៏រស់រវើក នៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រផលិតយានយន្តដើរដោយអគ្គិសនី និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបវប្បធម៌ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ក្រុមអ្នកសារព័ត៌មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត និង ទាក់ទាញរបស់ចិនផងដែរ។
ថ្លែងក្នុងពិធីបើកផ្លូវការ លោក លីវ ឃុន អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន តំបន់ស្វយ័តខ្វាងស៊ី និងជានាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោមទីកំណើតដ៏សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និង កាលានុវត្តភាពសម័យទំនើបនៃភាពបើកចំហរបស់ចិន និង កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយអាស៊ាន ដើម្បីបង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគកណ្ដាល និង ភាគខាងត្បូងនៃតំបន់។
បើតាមលោក លីវ ឃុន កម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង និង ទីតាំងប្រវត្តិសាស្ត្រ និង វប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការស្ទុះឡើងនៃសេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និង វបធ្បម៌ចម្រុះ និងយ៉ាងសម្បូរបែប ព្រមទាំងទស្សនាទេសភាពដ៏ស្រស់ស្អាត និង អស្ចារ្យក្នុងទីក្រុងគួយលីន និង ឈ្វេងយល់ពីវិធីសាស្ត្រនៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។
លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន តំណាងឱ្យប្រតិភូអ្នកសារព័ត៌មានពីកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្វាងស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោក បានគូសរំលេចថា ក្វាងស៊ី និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ដូច្នេះលោករំពឹងថា តាមរយៈការផ្សព្វផ្សាយដ៏សម្បូរបែបនៅពេលនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងខេត្តក្វាងស៊ីរបស់ចិនកាន់តែមានភាពស្អិតល្មួត និងល្អប្រសើរថែមទៀត៕