
ភ្នំពេញ៖ សម្តេច ស ខេង បានលើកឡើងថា មន្រ្តីមិនគួរប្តូរការងារពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីភាពហ៊ឺហា និងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមើលរំលងពីគុណតម្លៃនៃការងារនោះទេ។ សម្តេចថ្លែងបែបនេះ ក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយសមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីថា មានមន្ត្រីមួយចំនួន បានផ្លាស់ប្តូរកន្លែងការងាររបស់ខ្លួនជាច្រើនលើកច្រើនសារ គឺក្នុងគោលបំណងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាចង់សាកល្បងភាពហ៊ឺហា ការចង់មានមុខមាត់ ដោយមើលរំលងពីគុណតម្លៃនៃការងារ។
ផ្ទុយមកវិញ សម្តេច ស ខេង បានបញ្ជាក់ថា ចំពោះមន្ត្រីដែលមានគំនិតចង់ផ្លាស់ប្តូរការងារ ដើម្បីតែស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះ គឺប្រាកដជាមិនទទួលបានជោគជ័យក្នុងការងារទេ។ ភាពជោគជ័យនៅក្នុងការងារពិតប្រាកដ គឺស្ថិតលើការខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងស្នាដៃនៅក្នុងការបំពេញការងារ ទើបហៅថាជាការជោគជ័យយ៉ាងល្អប្រសើរ។
សម្តេច ស ខេង បានបញ្ជាក់បន្ថែមថា ការងារទាំងអស់សុទ្ធតែមានតម្លៃដូចៗគ្នា ល្កឹកណាឲ្យតែមានការខិតខំប្រឹងប្រែងធ្វើការងារនោះដោយស្មោះអស់ពីចិត្ត និងមានក្តីសង្ឃឹមជានិច្ច នោះប្រាកដណាស់ថាវានឹងតបស្នងផ្លែផ្កានៅថ្ងៃណាមួយជាក់ជាពុំខាន។
ជាមួយគ្នានោះ សម្តេច ស ខេង បានសំណូមពរ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ឲ្យខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនឲ្យបានល្អ ដើម្បីបម្រើប្រទេសជាតិឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើនទៅមុខ៕