
ភ្នំពេញ៖ គ្រប់ក្រសួងឬ ភាគីពាក់ព័ន្ធរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកាចំនួន១លានដុល្លារ ដែលឧបត្ថម្ភដោយUN មកប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាព ដល់ជនចំណាកស្រុក ឬជនទេសន្តរប្រវេសន៍ដែលជួបបញ្ហាដោយសារតែជំងឺកូវីដ១៩។ នេះបើ សម្ដេចស ខេង បានលើកឡើងក្នុងកិច្ចប្រជុំថ្ងៃ១៥ កក្កដា ឆ្នំា២០២០ នៅក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖« អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាពផងដែរ»។
សម្ដេចស ខេង បានបន្តថា ការប្រជុំគ្នាជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ គឺដើម្បីរៀបចំកម្មវិធីរួមគ្នា ក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ឱ្យបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ដែលជួបបញ្ហា ដោយសារតែជំងឺរាតត្បាតនេះ ។
សម្ដេចបានបន្ថែមថា ទឹកប្រាក់ដែលជាមូលនិធិផ្ដល់ដោយអង្គការសហប្រជាជាតិចំនួន ១លានដុល្លានេះ គឺសម្រាប់ការចំណាយលើកិច្ចការទូទៅសម្រាប់ខេត្តគោលដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយក្នុងនោះអាចមានការជ្រើសរើសទៅតាមទីតាំង និងគោលដៅជាក់ស្ដែងនៃខេត្តទាំង៣នេះផងដែរ ចំណែកក្រុមការងារពាក់ព័ន្ធនានានឹងខិតខំប្រឹងប្រែងធ្វើការងារនេះឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរ កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសនូវគោលនយោបាយគាំពារសង្គម ដែលបច្ចុប្បន្នកំពុងអនុវត្ត ក្នុងនោះមិនមែនអនុវត្តសម្រាប់តែប្រជាពលរដ្ឋក្រីក្រទេ ក៏មាន ជនទេសន្តរប្រវេសន៍ផងដែរ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើកម្ពុជាអាចអនុវត្តកម្មវិធីដែលមានរយៈពេល៦ខែនេះបានល្អ ហើយការប្រើប្រាស់ថវិកាមូលនិធិដែលអង្គការសហប្រជាជាតិផ្ដល់ឱ្យមានប្រសិទ្ធភាព នោះកម្ពុជានឹងមានការគាំទ្របន្ថែម ទៀតពីអង្គការសហប្រជាជាតិផងដែរ៕