ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី ៥ មិថុនានេះ បានប្រកាសដាក់ចេញនូវជំហានទី១ ស្តីពី “បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍” លើភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង វិស័យដឹកជញ្ជូន។ ប៉ុន្តែយ៉ាងណាក្តី ក្រសួងបានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងមានលក្ខខណ្ឌមួយចំនួន មុននឹងសម្រេចការផ្តល់អាជ្ញាបណ្ណដាក់ឱ្យដំណើរការអាជីវកម្មក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងមានលក្ខខណ្ឌមួយចំនួនដល់មន្ត្រីពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដូចតទៅ៖ រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវបង្កើតក្រុមការងារជំរុញ ណែនាំ និងតាមដានការអនុវត្ត “វិធានសុវត្ថិភាពទេសចរណ៍”ដែលដឹកនាំដោយមន្ត្រីពាក់ព័ន្ធរាជធានី ខេត្តផ្ទាល់ ។
ចំណែកឯក្រុមការងារត្រូវផ្សព្វផ្សាយខ្លឹមសារនៃ“វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍”ដល់គ្រប់អង្គភាពចំណុះដើម្បីចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ក្រុមការងារថ្នាក់រាជធានី ខេត្ត ត្រូវណែនាំមន្ត្រីជំនាញ និងអង្គភាពចំណុះឱ្យរៀបចំកាលវិភាគ និងត្រូវចុះអនុវត្តផ្សព្វផ្សាយជាសកម្មភាពប្រចាំថ្ងៃ និងត្រូវមានរបាយការណ៍ត្រួតពិនិត្យប្រចាំ។
បន្ថែមពីលើនេះទៀត មន្ត្រីពាក់ព័ន្ធ ក៏ដូចជាម្ចាស់អាជីវកម្មត្រូវបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តអនាម័យឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចាំបាច់មួយចំនួន ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា ការរក្សាអនាម័យ និងភាពស្អាត, រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព (Social Distancing) និងជាពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ៕