Cct850x100 1

ក្រសួងការងារបន្តផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករដែលព្យួរការងារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ដល់កម្មករនិយោជិតព្យួរកិច្ចសន្យាការងារ ចំនួន៨៤៦នាក់ នៅក្រុមហ៊ុន ឌូហឺស្ត (ខេមបូឌា) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២០។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។

ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញទន់មានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ ២.ការបំពេញការងារជាក្រុម ៣.មូលដ្ឋានច្បាប់ស្ដីពីការងារ ៤.នីតិដោះស្រាយវិវាទការងារ ៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ៦.អត្ថប្រយោជន៍ ប.ស.ស ៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារមុនពេលចូលឆ្នាំខ្មែរ មានចំនួនជាង២ម៉ឺននាក់បានឆ្លងវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់។ នេះបើតាមប្រសាសន៍របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារថ្លែងប្រាប់ស៊ីស៊ីថាមស៍៕


ពាក្យទាក់ទង: កម្មករ
Khcct banner

អត្ថបទទាក់ទង