Yearendyearend1140x150

ក្រសួងវប្បធម៌ឱ្យយុវជនរក្សាភាពថ្លៃថ្នូរ ខណៈ«ទិវានៃសេចក្តីស្រលាញ់»ជិតចូលមកដល់

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវអោយយុវជនទាំងអស់រក្សាភាពថ្លៃថ្នូររបស់ខ្លួន ដើម្បីលើកកម្ពស់ប្រពៃណី និងកិត្យានុភាពរបស់សង្គមជាតិ។ការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបែបនេះ ធ្វើឡើងខណៈដែល«ទិវានៃសេចក្តីស្រលាញ់»ជិតចូលមកដល់នៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ។

ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ថ្ងៃទី១៤ កុម្ភៈដែលមនុស្សមួយចំនួន ជាពិសេសគ្រឹស្តសាសនិកបានកំណត់ថាជា«ទិវានៃក្តីស្រឡាញ់»។បច្ចុប្បន្ន ទិវា១៤កុម្ភៈនេះ កំពុងតែជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដែលអោយមនុស្សមួយចំនួនទទួលយក នឹងប្រើប្រាស់ដោយភ័ន្នច្រលំ នាំអោយមានផលប៉ះពាល់ដល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។

ក្នុងបរិបទនេះ ក្រសួងវប្បធម៌កម្ពុជា បានស្នើឱ្យប្រជាជន ជាពិសេសយុវជនកម្ពុជាត្រូវតែសិក្សាយល់ដឹងឱ្យបានស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតា ព្រមទាំងសិក្សាស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយពីឥទ្ធិពល នឹងវប្បធម៌ពីខាងក្រៅ ដើម្បីបន្ស៊ីចូលក្នុងឥរិយាបថ នឹងបរិបទ ក្នុងសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាបាននូវភាពថ្លៃថ្នូរមួយ របស់ប្រជាជាតិកម្ពុជាដ៏វ័យចំណាស់រាប់ពាន់ឆ្នាំក្នុងទ្វីបអាស៊ី។

សម្រាប់ក្រសួងវប្បធម៌ «ទិវានៃក្តីស្រឡាញ់»នៅកម្ពុជា គួរតែឱកាសក្នុងចែកចាយក្តីស្រឡាញ់ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធជាដើម ក្រោមរូបភាពការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយសេចក្តីសោមន្យរីករាយ និងការសរសេរលិខិតជូនពរផ្សេងៗបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកមានគុណ បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់។

ដូច្នេះក្រសួងវប្បធ៌ នឹងវិចិត្រសិល្បៈ បានអំពាវនាវចំពោះមាតា បិតា អាណាព្យាបាល សមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ ពន្យល់ ណែនាំ ក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ <<ទិវានៃសេចក្តីស្រលាញ់>> អោយសមស្របតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីកិត្តិយសភាពថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់សង្គមជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង