Cc time
Cct850x100 1
Itt 0  web banner

«ប្រេងឆៅ»ជិត៣០ម៉ឺនបារ៉ែលដែលគេលួចចេញពីកម្ពុជាដោះស្រាយមិនទាន់ចប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រេងឆៅកម្ពុជាប្រមាណជិត៣០ម៉ឺនបារ៉ែល (២៩៥ ០០០) ស្មើជិត៤៧លានលីត្រ ដែលត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុន គិតមកដល់បច្ចុប្បន្ននេះ ដោះស្រាយមិនទាន់ចប់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

លោក ជៀប សួរ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះការងារដោះស្រាយបញ្ហាប្រេងឆៅនេះ មិនទាន់ចប់នៅឡើយទេ។ បច្ចុប្បន្តមេធាវីកំពុងពិភាក្សាជាមួយតំណាងក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនកប៉ាល់ MT Strovolos។ ពេលដោះស្រាយរួចខាងក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន KrisEnergy ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានប្រកាសពីការក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាននៅប្លុកអេ(A)នេះមានចំនួនតិចតួច មិនគ្រប់គ្រាន់ដូចការរំពឹងទុក។

នៅខែមិថុនាដដែលនោះ ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះក៏បាត់ដំណឹងពីកម្ពុជា។ ក្រោយមក នៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ដែលមានផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង១០នាក់ផងដែរ។ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញបច្ចុប្បន្នភាពនាវា MT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថាបានលួចប្រេងឆៅរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង