Yearendyearend1140x150

កម្ពុជា៖«រដូវវស្សា»ឆ្នាំនេះអាចនឹងមាន បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ច្រើន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ នៅក្នុងដើមរដូវវស្សា ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពី បណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក(WMO) បានឲ្យដឹងថា នាដើមរដូវវស្សានេះបាតុភូតសកល យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថាចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ(El Niño) នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាស ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមាន។

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង