Yearendyearend1140x150

បច្ចេកទេសភូតគាមនាំ«ផ្លែមៀន និងត្រីប្រា»កម្ពុជាទៅចិនត្រូវបានឯកភាពរួចរាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

ភ្នំពេញ៖ ត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា អាចនឹងនាំចេញផ្ទាល់ទៅកាន់ប្រទេសចិន ក្នុងរយៈពេល១ខែទៀត ខណៈដែលភាគីទាំងពីរត្រៀមចុះហត្ថលេខាលើពិធីសារបច្ចេកទេស នៅក្នុងពេលឆាប់ខាងមុខនេះ។ នេះបើតាមការថ្លែងរបស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

លោក ងិន ឆាយ បានគូសបញ្ជាក់ថា ការចរចាលើភូតគាមអនាម័យសម្រាប់ការនាំចេញត្រីប្រា និងផ្លែមៀនប៉ៃលិន ឬតាង៉ែនរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការវិវឌ្ឍទៅមុខល្អ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ ក្តី ដោយសារតែភាគីចិនមានការផ្តល់អាទិភាពសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ជាមួយនឹងការយោគយល់ច្រើន លើនីតិវិធីភូតគាម ក្នុងនោះ ជាលើកដំបូងហើយ ដែលការពិនិត្យលក្ខខណ្ឌនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ សម្រួលដោយភាគីចិន ទាក់ទងនឹងការនាំចេញកសិផលកម្ពុជា។

លោក ងិន ឆាយ ពន្យល់ថា មាន៧ដំណាក់កាលក្នុងដំណើរការចរចា ទាក់ទងនឹងភូតគាមអនាម័យនេះ ក្នុងនោះ សម្រេចបាន៦ដំណាក់កាលហើយ នៅសល់តែ១ដំណាក់កាលចុងក្រោយទៀតប៉ុណ្ណោះ ជារួម ទិដ្ឋភាពបច្ចេកទេសបានឯកភាពគ្នារួចហើយ ពោលគឺរង់ចាំពេលវេលាចុះហត្ថលេខាលើពិធីសារបច្ចេកទេស ឆាប់ៗនេះ ដោយឯកឧត្តមរំពឹងថា ផលិតផលកសិកម្មទាំងពីរមុខនេះ អាចនឹងនាំចេញទៅកាន់ប្រទេសចិនបាន ក្នុងរយៈពេល១ ឬ ២ខែទៀត។

ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ថា មៀនប៉ៃលិន និងត្រីប្រានេះគឺជាផលិតផលកសិកម្មថ្មីៗ បន្ថែមទៀត ដែលត្រូវនាំចេញទៅទីផ្សារដ៏ធំ នៃប្រទេសចិន បន្ទាប់ពីផលិតមួយចំនួនបាននាំចេញរួចមកហើយនោះ ដូចជា ចេក និង ស្វាយ ជាដើម។ យ៉ាងណាក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា តាមស្ថិតិនៃការនាំចេញ កន្លងមក មិនមែនមានតែផលិផល៤ ឬ៥មុខទេ ដែលនាំទៅកាន់ប្រទេស។

ជាមួយនឹងការរំពឹងខ្ពស់ពីភាគីកម្ពុជាក្នុងការនាំចេញត្រីប្រា និងមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន ឆាប់ៗនេះ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនដល់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក នាពេលថ្មីៗនេះ បានអះអាងថា ភាគីចិននឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន ដើម្បីឲ្យកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន កាន់តែច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង