Cc time
Cct850x100 1
Itt 0  web banner

អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី (រូបភាព៖ ក្រសួងទេសចរណ៍)

ប៉ោយប៉ែត៖ អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់សេដ្ឋកិច្ច និងទេសចរណ៍ និងជាច្រកផ្លូវគោកចម្បង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

នៅក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ជាសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់រាជរដ្ឋាភិបាលសម័យតេជោ ដែលបានបង្ហាញ និងបញ្ជាក់ច្បាស់ពីមុខមាត់ និងមោទនភាពជាតិកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា អគារច្រកទ្វារដ៏ស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងស័ក្តិសមជាមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តមបន្ថែមថា អគារថ្មីនេះមិនត្រឹមតែបម្រើផលប្រយោជន៍ដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងចូលរួមគាំទ្រដល់ការបំពេញការងាររបស់ក្រុមមន្ត្រីសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ជាមួយឥរិយាបថល្អ រួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ផ្នែកជំនាញ ដើម្បីប្រែក្លាយអគារនេះជាកន្លែងដើមទីដំបូងគេមួយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់សេដ្ឋកិច្ច និងទេសចរណ៍ និងជាច្រកផ្លូវគោកចម្បងដែលមុនកូវីដ-១៩ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណជា ២៨% នៃភ្ញៀវទេសចរតាមផ្លូវគោកសរុប និងប្រមាណ ៨,៧% នៃទេសចរអន្តរជាតិសរុបមកកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង