Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរបង្កភាពងាយស្រួលដល់ការជួបជុំរបស់បក្សនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៦ កុម្ភៈនេះ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កភាពងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលស្របច្បាប់បានជួបជុំគ្នានៅតាមមូលដ្ឋានរបស់ខ្លួនជៀសវាងប៉ះទង្គិចគ្នាដោយសារការបោះឆ្នោតនៅពេលខាងមុន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ជិតបោះឆ្នោតមានគណបក្សនយោបាយជាច្រើនបានធ្វើការជួបជុំជាមួយសកម្មជនរបស់ខ្លួន ដូច្នេះអាជ្ញាធរនៅតាមមូលដ្ឋានត្រូវតែបង្កភាពងាយស្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់នោះអាចជួបជុំគ្នាដោយសេរី និងគ្មានការរើអើងពីអាជ្ញាធរ។

ការថ្លែងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះធ្វើឡើងនៅពេលដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់នោះ ត្រូវតែចូលរួមគោរពច្បាប់ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហើយការបង្ករភាពងាយស្រួលនេះបានតែគណបក្សនយោបាយដែលចុះបញ្ជីនៅគ.ជ.បតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១៥ កុម្ភៈនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប គម្រោងចំណាយថវិកា៤៣លានដុល្លារ។

គិតត្រឹមថ្ងៃទី១៥ កុម្ភៈនេះ គ.ជ.ប បានអះអាងថា ខ្លួនបានត្រៀមខ្លួន និង បានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និង នីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


Khcct banner

អត្ថបទទាក់ទង