Yearendyearend1140x150

កម្ពុជា-ចិនរក្សាជំហរជួយគ្នាក្នុងគ្រាការប្រជែង«ភូមិសាស្ត្រនយោបាយ»កាន់តែឡើងកម្តៅ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបទេសចិន និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។រូបភាព៖ PM

ភ្នំពេញ៖លោក វ៉ាង យី ប្រមុខការទូតជើងចាស់របស់ចិន បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការហើយ នៅក្នុងប្រទេសកម្ពុជា។ជាទស្សនកិច្ចចុងក្រោយរបស់លោកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក បន្ទាប់ពី ឥណ្ឌូនេស៊ី និងប៉ាពួញូហ្គីណេ។ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អ្នកការទូតចិនរូបនេះ បានចាត់ទុកកម្ពុជា ជាមិត្តដ៏គួរទុកចិត្តបំផុត និង ប្រកាសការពារ គាំទ្រដ៏រឹងមាំបំផុតដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស និង ការការពារអធិបតេយ្យភាពជាតិ។ចំណែកកម្ពុជាវិញ ប្រកាសគាំទ្រផលប្រយោជនស្នូលរបស់ចិន និងស្វែងរកការវិនិយោគបន្ថែមពីចិន។

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ជួប ពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងជំនួបនោះ លោកបានធានាអះអាងនៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាថា មិនថាស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងណា ចិននឹងនៅតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និង ជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់កម្ពុជា។សម្រាប់លោក វ៉ាង យី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនកន្លងមកនេះ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋចិន។

បើតាមអ្នកការទូតចិនរូបនេះ ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា បង្កើនទំនុកចិត្ត និង ការគាំទ្រទៅវិញទៅមក និង ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។ការលើកឡើងរបស់លោក វ៉ាង យី នេះសបញ្ជាក់ឱ្យកាន់តែច្បាស់ពីជំហររបស់ចិនក្នុងការធ្វើជាខ្នង់បង្អែកដ៏រឹងមាំដល់កម្ពុជា ក្នុងគ្រាដែលការប្រជែងភូមិសាស្ត្រនយោបាយកាន់តែមានកម្តៅ។

សម្រាប់ថ្នាក់ដឹកនាំកម្ពុជាវិញ បានប្រកាសជំហរគាំទ្រយ៉ាងមុតមាំជំហររបស់ចិនលើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន រួមទាំងពាក់ព័ន្ធ តៃវ៉ាន់ ហុងកុង និង ស៊ីនជាំង ចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និង គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាមានឆន្ទៈធ្វើការជាមួយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ស្វាគមន៍ក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ជំរុញការអនុវត្តគម្រោងធំៗបន្ថែមទៀត ពង្រឹងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការក្នុងកិច្ចការពហុភាគី និង បន្តពង្រឹងសហគមន៍ជាមួយ អនាគតរួមគ្នារវាងកម្ពុជា និង ចិន។

ការប្រកាសរក្សាជំហរជួយគ្នារវាងកម្ពុជា និង មហាអំណាចចិននេះ ធ្វើឡើងចំពេលភាពតានតឹងនៅតំបន់ភូមិសាស្ត្រនយោបាយកាន់តែឡើងកម្តៅ។ឡើងកម្តៅព្រោះថា យោធា​ហ្វីលីពីន ​​និង អាម៉េរិក និង សម្ព័ន្ធមិត្តជាច្រើនម៉ឺននាក់ កំពុងបើក​ធ្វើ​សមយុទ្ធប្រចាំ​ឆ្នាំ​​រួម​គ្នា នៅ​ជិតតៃវ៉ាន់ និង ​​តំបន់​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិននៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ជាសមយុទ្ធដែលចិនចោទថា អាម៉េរិក កំពុង​ទាញឱ្យមានជម្លោះនៅសមុទ្រចិនកាន់តែក្តៅឡើង និង ស្នើឱ្យបញ្ឈប់នូវសកម្មភាពខុសច្បាប់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង