Yearendyearend1140x150

ពលរដ្ឋជាច្រើននាក់សម្រុកទៅតេស្ត(PCR)រកកូវីដនៅពេទ្យរុស្ស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋទៅធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២២។រូបភាព៖ ស៊ីស៊ីថាមស៍

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ គិតត្រឹមថ្ងៃទី ១៥ កុម្ភៈនេះ បាននាំគ្នាសម្រុកទៅធ្វើតេស្តតាមម៉ាស៊ីនធំ PCR នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី។ការសម្រុកទៅធ្វើតេស្តនេះ ធ្វើឡើងខណៈពេលចំនួនអ្នកឆ្លងកូវីដប្រភេទថ្មីអូមីក្រុងមានចាប់ផ្តើមកើនឡើងក្នុងសហគមន៍កម្ពុជា ដែលភាគច្រើនពលរដ្ឋតេស្តរហ័សឃើញដោយខ្លួនឯង។

ការធ្វើតេស្តរកកូវីដ-១៩ តាមរយៈម៉ាស៊ីនធំ PCR បានចាប់ផ្តើមចូលធ្វើការនៅម៉ោង៨ ដល់ម៉ោង ១២ ថ្ងៃត្រង់ ខណៈពេលរសៀលពីម៉ោង២ ដល់ម៉ោង៤ល្ងាច។ប៉ុន្តែប្រជាពលរដ្ឋដែលពាក់ព័ន្ទនឹងកូវីដបានសម្រុកមកអង្គុយចាំនៅទ្វារបងមន្ទីរពេទ្យតាំងពីម៉ោង ៥ ទៅ៦ព្រឹកព្រលឹម ហើយពេលរសៀលតាំងពីម៉ោងប្រហែល ១២ថ្ងៃត្រង់។

សន្តិសុខយាមម៉ូតូម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាងថា ចំនួនអ្នកមកធ្វើតេស្តរកកូវីដបានចាប់ផ្តើមកើនឡើងច្រើននៅរយៈពេលចុងក្រោយនេះ ហើយភាគច្រើនពួកគាត់ជាអ្នកពាក់ព័ន្ធ និង តេស្តរហ័សរកឃើញកូវីដដោយខ្លួនឯង។អ្នកខ្លះចំណាយពេលជាច្រើនថ្ងៃទម្រាំងបានតេស្ត។

ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា គាត់បានមករង់ចាំធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យរុស្ស៊ីនេះរយៈពេល២ថ្ងៃមកហើយ តែមកដល់ពេលនេះមិនទាន់ទទួលបានធ្វើតេស្តនោះទេដោយសារមានមនុស្សច្រើន។

គាត់បានរិះគន់ចំពោះការរៀបចំសណ្តាប់ធ្នាប់របស់មន្ទីរពេទ្យដែលមិនបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទៅធ្វើតេស្ត ដោយមនុស្សត្រូវចូលទៅប្រជ្រៀតគ្មានសណ្តាប់ធ្នាប់នាំឱ្យមានហានិភ័យនៃការឆ្លងបន្ត និងខាតពេលវេលាត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ នូវចំនួនអ្នកឆ្លងអូមីក្រុង ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍។ក្រសួងសុខាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និង បានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរ។

លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការទៅធ្វើតេស្តមិនពិបាកនោះទេ ហើយក៏មិនមែនមានតែនៅមន្ទីរពេទ្យរុស្ស៊ីដែល ពោលនៅមន្ទីរពេទ្យព្រះកុសម:ក៏មាន ក្រុមគ្រូពេទ្យធីតានៅកោះពេជ្រ និងនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យក៏មានដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង