Cc time
Cct850x100 1
Itt 0  web banner

ណែនាំថ្មី៖«ប្រមូលផ្តុំ»ផ្សេងៗហាមមិនឲ្យលើស០៧នាក់ក្នុងមួយតុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ កុម្ភៈ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស ចំពោះ​អនុវត្តវិធានការសុខាភិបាល ខណៈទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវរៀបចំកៅអីអង្គុយមានគម្លាតមិនឲ្យលើសពី០៧នាក់ក្នុងមួយតុ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហាមចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា ពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និង ការជួបជុំ ប្រមូលផ្តុំផ្សេងៗ ត្រូវយរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី០៧នាក់ក្នុងមួយតុ ហើយត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។សម្រាប់បុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងក្រោយពីពិនិត្យឃើញថា ស្ថានភាពវិវត្តន៍នៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលេខបីខ្ទង់ ដែលប្រការនេះ គួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រៅពីទីតាំងកម្សាន្តអាជ្ញាធរក៏បានក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។

ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕


Khcct banner

អត្ថបទទាក់ទង