Yearendyearend1140x150

ក្រសួងវប្បធម៌គ្រោងដាក់«ប្រាសាទកោះកេរ នំបញ្ចុក ក្បាច់គុនល្បុក្កតោ ទីក្រុងបាត់ដំបង »ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងដាក់ដាក់ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងកំពុងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” “ទីក្រុងបាត់ដំបង” និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។

អ្នកស្រី ភឿង សកុណា បានបន្ដថា ក្រសួងក៏គ្រោងស្នើសុំ ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទ ព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក ចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូទៀតផង។

គួរបញ្ជាក់ផងដែរថា សន្និបាតនេះ រៀបចំធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង