Yearendyearend1140x150

មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មជ្ឈមណ្ឌលបន្លែសុវត្ថិភាព

ភ្នំពេញ៖ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រោមការបោះទុនវិនិយោគជា៣ដំណាក់កាល។ មជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងជាកន្លែងបង្ហាញពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើបបែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ។

នៅក្នុងឱកាសនេះ ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.ក បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ ដំណាក់កាល៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។

លោកឧកញ៉ាបន្តថា មជ្ឈមណ្ឌលនេះមានតួនាទី៖ ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ, ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត, ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន។

ជាមួយគ្នានេះ មជ្ឈមណ្ឌលនេះ នឹងធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត, ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង រៀបចំផែនការបង្កើតផ្សារបោះ ដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្មបានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រសួងតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។

គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់ ដើមទុនសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀល និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦ មានដើមទុន សរុបចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀល ដែលសហគមន៍កសិកម្មទាំងនោះកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហ.ត នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហ.ត នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោន/ហ.ត នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោន/ហ.ត នៅឆ្នាំ២០២១ នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង