Cct850x100 1
1800px x h300px kh

កងនាវារបស់រុស្ស៊ីបានតាមដាននាវាចម្បាំងបារាំងនៅសមុទ្រខ្មៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កងនាវារបស់រុស្ស៊ីបានតាមដាននាវាចម្បាំងបារាំងនៅសមុទ្រខ្មៅ  ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃទី ១៤ ខែ ធ្នូ ថាបន្ទាប់ពីនាវាចម្បាំង "Auvergne" របស់កងទ័ពជើងទឹកបារាំងបានចូលសមុទ្រខ្មៅ កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី "ចាប់ផ្តើមតាមដាន" ចលនារបស់នាវាចម្បាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្ញាក់ងារសារព័ត៌មានស៊ីនហួរ។

ក្រសួងការពារជាតិរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេអំពីនាវាចម្បាំងបារាំង "Auvergne" បានចូលទៅក្នុងសមុទ្រខ្មៅ ខណៈទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិចកំពុងប្រឈមនឹងភាពតានតឹង ដោយសារតែបញ្ហាអ៊ុយក្រែន។

រដ្ឋាភិបាលអាមេរិកនិងអ៊ុយក្រែនទើបបានអះអាងថា រុស្ស៊ីបានប្រមូលកងទ័ពយ៉ាងច្រើននៅតំបន់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែនដើម្បី "ឈ្លានពាន" អ៊ុយក្រែន។ តែរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតែដាក់ពង្រាយប្រព័ន្ធសព្វាវុធនៅក្នុងតំបន់ជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី ដែលបានគំរាមកំហែងដល់សន្តិសុខព្រំដែនរបស់រុស្ស៊ី ដូច្នេះប្រទេសរុស្សីមានសិទ្ធិក្នុងការចល័តទ័ពនៅតាមព្រំដែនដើម្បីការពារទឹកដីរបស់ខ្លួន ហើយគ្មានចេតនាគំរាមកំហែង ឬវាយប្រហារប្រទេសដទៃឡើយ។

យោងតាមព័ត៌មានយោធារុស្ស៊ី យន្តហោះរុស្ស៊ី៣គ្រឿងបានហោះឡើងលើអាកាសកាលពីថ្ងៃទី៩ អមដោយយន្តហោះយោធាបារាំង និងអាមេរិក៥គ្រឿង ដើម្បីហោះហើរលើសមុទ្រខ្មៅ រហូតដល់ពួកគេនៅឆ្ងាយពីទឹកដីរបស់រុស្ស៊ី។ នៅថ្ងៃទី ១៣ កងទ័ពរុស្ស៊ី បានបញ្ជូនយន្តហោះជាច្រើនគ្រឿងម្តងទៀត ដើម្បីអមដំណើរយន្តហោះយោធាបារាំងចំនួន ៣ គ្រឿងដែលកំពុងហោះហើរលើសមុទ្រខ្មៅ ដែលនៅជិតព្រំដែនរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នាកាលពីថ្ងៃទី១៣ នៅទីក្រុងព្រុចសែល រដ្ឋធានីនៃប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ អ្នកការទូតសហភាពអឺរ៉ុបមួយចំនួនបានប្រាប់ Reuters ថា អឺរ៉ុបបានផ្តោតលើការពិភាក្សាអំពីរបៀបបង្កើនទណ្ឌកម្មជាបណ្តើរៗប្រឆាំងនឹងរុស្ស៊ី។ ដែលទណ្ឌកម្មទាំងនោះមានដូចជា ការហាមឃាត់អ្នកនយោបាយរុស្ស៊ីមិនឱ្យចូលប្រទេស ការបង្កកទ្រព្យសម្បត្តិផ្ទាល់ខ្លួន រហូតដល់ការហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារទាក់ទងនឹងប្រទេសរុស្ស៊ី។

ខណៈពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុបកំពុងពិចារណាអំពីរបៀបធ្វើការជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃទី 13 ។ លោក ពូទីន បាននិយាយសារជាថ្មីក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទថា រុស្ស៊ីមានការព្រួយបារម្ភអំពីការដាក់ពង្រាយយោធារបស់អង្គការណាតូក្នុងប្រទេសអ៊ុយក្រែន ហើយជឿជាក់ថា សកម្មភាពទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។

ថ្មីៗនេះ លោក ពូទីន បានជំរុញមេដឹកនាំនៃប្រទេសលោកខាងលិចឱ្យធ្វើការប្តេជ្ញាចិត្តស្របច្បាប់ចំពោះការទាមទារសន្តិសុខរបស់រុស្ស៊ី ដោយសង្កត់ធ្ងន់លើតម្រូវការ "ចាប់ផ្តើមការចរចាជាបន្ទាន់" ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្លូវច្បាប់អន្តរជាតិច្បាស់លាស់។ លោក ពូទីន បាននិយាយទៀតថា កិច្ចព្រមព្រៀងនេះគួរតែរារាំងណាតូពីការពង្រីកទៅទិសខាងកើតបន្ថែមទៀត និងការដាក់ពង្រាយអាវុធដែលគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ីនៅក្នុងប្រទេសជិតខាងរបស់រុស្ស៊ី ។ យោងតាមវិមានក្រឹមឡាំង រុស្ស៊ីនឹងបញ្ជូនសេចក្តីព្រាងឯកសារមួយដែលរាយការទាមទាររបស់រុស្ស៊ីក្នុងពេលឆាប់ៗ៕

Khcct banner

អត្ថបទទាក់ទង