Yearendyearend1140x150

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នឹងចាប់ផ្ដើមនាព្រឹកនេះ នៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម នេត្រ ភត្រ្តា  រដ្ឋលេខាធិការក្រសួងបរិស្ថាន។ 

ព្រះសីហនុ៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ នឹងចាប់ផ្ដើមនាព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០២១នេះ នៅសណ្ឋាគារឯករាជ្យ។

បើតាមឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧។

ឯកឧត្តមបន្តថា សម្រាប់មហាសន្និបាតឆ្នាំនេះ កម្ពុជាបានទទួលរៀបចំជាលើកទី១ ក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលមានរយៈពេលពីរថ្ងៃ។

ឯកឧត្តមអនុរដ្ឋលេខាធិកា បានបញ្ជាក់ថា នេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។

ចំណែកឯកឧត្តម គួច ចំរើន បានថ្លែងថា ខេត្តព្រះសីហនុបានត្រៀមជាស្រេចសម្រាប់កិច្ចប្រជុំនេះ ស្របពេលដែលខេត្តបានខិតខំកសាងហេដ្ឋារចនាសម្ព័ននានា និងប្រកបដោយសក្តានុពល ដូច្នេះហើយទើបរដ្ឋាភិបាលសម្រេចជ្រើសខេត្តនេះប្រារព្ធមហាសន្និបាតនេះឡើង។

ទន្ទឹមនឹងនេះ មហាសន្និបាត នឹងលើកយកព្រឹត្តិការណ៍សំខាន់ចំនួន ៣ គឺទី១ សន្និសីទអន្តរជាតិ និយាយអំពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក។

សូមជម្រាបជូនថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង