Yearendyearend1140x150

កម្ពុជាចង់ឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនបន្ទាន់មួយដើម្បីពិភាក្សាទប់ស្កាត់មេរោគកូរ៉ូណា

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេច ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២នៅព្រឹកថ្ងៃអង្គារនេះ។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានសម្តែងការគាំទ្រចង់ឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់មួយ ដើម្បីពិភាក្សាពីវិធីសាស្រ្តទប់ស្កាត់មេរោគឆ្លងកូរ៉ូណា។ នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២នៅព្រឹកថ្ងៃអង្គារនេះ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា កិច្ចប្រជុំបន្ទាន់នេះ គឺជារឿងសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគថ្មីមួយនេះ។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាមេរោគឆ្លងកូរ៉ូណានេះ មិនមែនជាបញ្ហាចិនទៀតទេ តែជាបញ្ហាតំបន់ និង សាកលលោកដែលត្រូវតែរួមគ្នាពិភាក្សា និងទប់ស្កាត់។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន ហាក់មិនសប្បាយចិត្តនឹងវិធានការរបស់ប្រទេសមួយចំនួនក្នុងតំបន់ក្នុងការការពារ និងទប់ទល់នឹងបញ្ហារាលដាលនៃមេរោគកូរ៉ូណា។ វិធានការទាំងនោះ រួមមានដូចជា ការមិនទទួលភ្ញៀវទេសចរចិន ក៏ដូចជាការបិទជើងហោះហើរជាមួយចិនជាដើម។

សម្រាប់សម្តេចនាយរកដ្ឋមន្រ្តី វិធានការទាំងអស់នេះ គឺនាំឱ្យមានការភ័យខ្លាច និងរើសអើងចំពោះជនជាតិចិន។ សម្តេចបានគូសបញ្ជាក់ថា ចិនក៏ជាមនុស្សដែរ ហើយការធ្វើបែបនេះ គឺប៉ះទង្គិះខ្លាំងណាស់ដល់ផ្លូវអារម្មណ៍របស់ជនជាតិចិន។

សូមបញ្ជាក់ថា បើទោះបីប្រទេសខ្លះអនុវត្តវិធានការរឹតបន្តឹងខ្លាំងចំពោះជនជាតិចិនចូលមកប្រទេសខ្លួនក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺពុំដូច្នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ហើយថា នឹងមិនបិទជើងហោះហើរជាមួយចិនឡើយ ព្រោះការធ្វើបែបនេះ គឺជាការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា។ ចំណែក នៅថ្ងៃអង្គារនេះទៀតសោត សម្តេចបានប្រកាសជាថ្មីថា នឹងនៅតែបន្តឈរជាមួយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាថ្មីនេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង