Yearendyearend1140x150

តើអ្វីនៅពីក្រោយនៃ«ទណ្ឌកម្មអាមេរិក»លើមន្ត្រីយោធាកម្ពុជា?

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ វិច្ឆិកា បានប្រកាសដាក់ទណ្ឌកម្មមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីររូប ពីបទប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។ ស្របជាមួយគ្នានោះ អាមេរិកក៏បានធ្វើការព្រមានដល់ក្រុមហ៊ុនរបស់ អាមេរិកមួយចំនួនទាក់ទង ទៅនឹងធ្វើការវិនយោគនៅកម្ពុជា។ តើអ្វីនៅពីក្រោយនៃ«ទណ្ឌកម្មអាមេរិក»លើមន្ត្រីយោធាកម្ពុជា?

លោកបណ្ឌិត សេង សារី ជាអ្នកវិភាគនយោបាយ បានលើកឡើងថា ការចេញវិធានរបស់អាមេរិកនៅពេលនេះ គឺជាចេតនាប្រើប្រាស់យន្តការគំនាបសង្កត់សេដ្ឋកិច្ច ក្នុងការជំរុញឲ្យមានការចរចានយោបាយណាមួយ ដើម្បីរក្សាផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬនៅក្នុងតំបន់អាស៊ាន ដែលតំបន់នេះកំពុងតែមានកាប្រទាញប្រទង់អំណាចរវាងចិននិងអាមេរិក។ ចំណែកកម្ពុជាបានក្លាយជាតួអង្គសំខាន់មួយ ក្នុងការធ្វើយ៉ាងណាដើម្បីសម្រួលផលប្រយោជន៍អាមេរិករក្សានៅក្នុងតំបន់បាន។

លោកបណ្ឌិត បន្តថា វាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ នៅពេលដែលអាមេរិកកំពុងតែប្រើប្រាស់យន្តការទណ្ឌកម្មសេដ្ឋកិច្ចនេះ រដ្ឋាភិបាលកម្ពុជាកំពុងតែបន្ថូរបន្ថយស្ថានភាព កំពុងតែធ្វើឲ្យសកម្មភាពប្រសើរឡើង ដើម្បីផ្តល់ជាសញ្ញាមួយថា អាចនឹងឈានទៅដល់ការជជែកគ្នាឡើងវិញ។ លោកបណ្ឌិតគាំទ្រទៅលើនយោបាយដោះស្រាយកម្រិតជាតិ និងកម្រិតអន្តរជាតិ ដោយការជជែក ចៀសជាងការប្រើប្រាស់យន្តការទណ្ឌកម្ម ព្រោះនៅក្នុងកម្រិតអន្តរជាតិ ទាំងអង្គការសហប្រជាជាតិបានកំណត់ថាយន្តការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ គឺជាយន្តការហួសសម័យ ហើយជាយន្តការដែលគ្មានប្រសិទ្ធភាព មិនអាចធ្វើអ្វីកើតក្រៅពីធ្វើឲ្យប្រជាជនណាមួយនោះទទួលរងគ្រោះតែប៉ុណ្ណោះ។

ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការចេញវិធានការរបស់អាមេរិកនេះមិនមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា គ្រាន់តែជាការបង្ខូចកិត្តិយសកម្ពុជា ដោយសារជិតដល់ការបោះឆ្នោត។ ដូច្នេះអាមេរិកដើម្បីលូកដៃចូលទៅក្នុងកិច្ចការនយោបាយរបស់កម្ពុជា គឺអាមេរិកតែងតែបង្កើតឲ្យមានព្រឹត្តិការណ៍នេះកើតឡើង ហើយរឿងនេះមិនមែនជារឿងថ្មីទេ គឺជារឿងដដែលៗ ដែលអាមេរិកតែងយកបញ្ហានេះមកដាក់ជាបន្ទុកសម្រាប់រដ្ឋាភិបាលកម្ពុជា រហូតដល់ការបង្កើតច្បាប់លិទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាទៅទៀត។ លោកបណ្ឌិតសង្កត់ធ្ងន់ថា អ្វីដែលអាមេរិកបានធ្វើនេះ គឺជាការលូកដៃទាំងស្រុងចូលទៅក្នុងកិច្ចការនយោបាយរបស់កម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍ បន្តថា ប្រសិនបើក្រឡេកមើលវិស័យសេដ្ឋកិច្ចហាក់ដូចជាមិនមានផលប៉ះពាល់ទេ ក្រុមហ៊ុនរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជាមានតែមួយចំនួនតូចតែប៉ុណ្ណោះ។ សម្រាប់ក្រុមហ៊ុនវិស័យឯកជនរបស់អាមេរិកនៅកម្ពុជានៅតែមានដំណើរការរលូន ជាពិសេសកូកាកូឡាដែលជាក្រុមហ៊ុនរបស់អាមេរិកមានការរីកចម្រើនយ៉ាងសម្បើមនៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កន្លងមកការធ្វើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកគឺមានភាពប្រសើរ ពោលគឺមានក្រុមហ៊ុនអាមេរិកជាច្រើនបានមកទាក់ទងធ្វើការវិនិយោគនៅកម្ពុជា។ តាមរយៈការជួបដៃគូពាណិជ្ជកម្មដែលរៀបចំដោយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា កាលពីចុងឆ្នាំ២០១៩ ឃើញថាក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែសំដៅមកវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាមេរិកមួយចំនួនទៀតដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយ ដែលមានសភាពាណិជ្ជកម្មអាមេរិកដែលហៅកាត់ថា (AmCham) កំពុងប្រតិបត្តិការ និងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ដែលអាមេរិកបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា៖ លោក ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈ និង សេវាកម្មបច្ចេកទេសនៃក្រសួងការពារជាតិ និង លោក ទៀ វិញ គឺជាមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា។ កាលពីថ្ងៃទី១១វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានថា ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់របស់មន្ត្រីទាំងពីររូបដែលដាក់ក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានរារាំង។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១២វិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មដោយឯកតោភាគីមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង