Yearendyearend1140x150

គិតត្រឹមថ្ងៃនេះកម្មករជាង៥រយនាក់ពិនិត្យសុខភាព ក្នុងនោះ៣នាក់យកសំណាកតេស្តរកកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពិនិត្យសុខភាពកម្មករ

ភ្នំពេញ៖ លទ្ធផល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៥៤២នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៥៣៩នាក់,ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តឡីស័កកម្រិត១ ចំនួន០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការធ្វើចត្តឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាក ហើយត្រឡប់ចូលធ្វើការវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ដែលត្រូវជាថ្ងៃទី៤នៃការពិនិត្យសុខភាពមានកម្មកររោងចក្រ៥៤២នាក់បានទៅពិនិត្យសុខភាព ក្នុងនោះមាន៣នាក់ត្រូវបានយកសំណាកវិភាគដើម្បីតេស្តរកកូវីដ-១៩។ ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតឱ្យធ្វើចត្តឡីស័កនៅផ្ទះចំនួន១៣នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងកម្រិត២ ចំនួន៧នាក់។

រីឯកាលពីម្សិលមិញ ថ្ងៃទី២៣ ខែមេសានេះដែលជាថ្ងៃទី៣នៃការពិនិត្យសុខភាព ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តឡីស័កនៅផ្ទះចំនួន៦០នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន១១នាក់ និង កម្រិត២ចំនួន៤៩នាក់(អវិជ្ជមាន)។ នៅថ្ងៃទី៣នៃការពិនិត្យសុភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកសំណាកវត្ថុវិភាគកម្មករចំនួន៦នាក់ទៀត។

សូមបញ្ជាក់ថា កម្មករ កម្មការិនីដែលធ្វើការក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងចំនួនជិត៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពី បន្ទាប់ពីទៅស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំផ្ទុយពីបម្រាបរបស់រដ្ឋាភិបាល។ នៅរាជធានីភ្នំពេញ មានកម្មករ កម្មការិនីប្រមាណជា១ម៉ឺន៥ពាន់នាក់ ត្រូវដាក់នៅដាច់ដោយឡែកពីគេ។ សម្រាប់រាជធានីភ្នំពេញ ក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង