Cct850x100 1
1800px x h300px kh

កម្ពុជាមានសត្វ«ទោចម្កុដ»ចំនួន៣៥០០០ក្បាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កម្ពុជាមានទោចម្កុដប្រមាណ ៣៥០០០ក្បាល ធ្វើឱ្យកម្ពុជាជាប្រទេសដែលមានប្រភេទសត្វកម្រជិតផុតពូជនេះច្រើនជាងគេនៅលើពិភពលោក។នេះបើយោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី ៣១ តុលា ឆ្នាំ២០២១។

ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ទោចម្កុដគឺជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញា CITES។ ទោចម្កុដនេះមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ និងថៃ។ 

បើតាមឯកឧត្តម នេត្រ ភក្រ្តា កម្ពុជាមានទោចម្កុដប្រមាណ ៣៥០០០ក្បាល។ទោចម្កុដត្រូវបានប្រទះឃើញនៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជារួមវារស់នៅជាក្រុមតូចៗពី ២ ទៅ ៥ ក្បាលរួមមានមេ បា និងកូន។លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។

ទោចម្កុដបាននិងកំពុងប្រឈមនឹងការគំរាមកំហែង បាត់បង់ដោយសារតែការបរបាញ់ ដាក់អន្ទាក់ ការធ្វើអាជីវកម្មនិងការបាត់បង់ជម្រក។ ក្រុមអភិរក្សនិងមន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជូញដូរសត្វព្រៃទាំងនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សប្រភេទសត្វទោចម្កុដឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន ៤ គ្រួសារនៅក្នុងព្រៃនៃឧទ្យានជាតិអង្គរ និងបានកើតកូនជាច្រើន។ 

យោងតាមក្រុមអភិរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គិតមកដល់ខែកក្កដា ឆ្នាំ២០២០ សត្វទោចម្កុដ នៅក្នុងព្រៃអង្គរ មានចំនួន ១១ក្បាល។ មូលហេតុដែលនាំយកសត្វទោចម្កុដមកព្រលែងអោយរស់នៅ និងបង្កាត់ពូជក្នុងព្រៃអង្គរ ពីព្រោះព្រៃនេះមានដើមឈើចម្រុះ មានផ្លែផ្កាជាចំណី អមដោយការថែរក្សាការពារ ដែលអាចអោយសត្វខាងលើរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងបាន 

អង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥ ០០០ ក្បាលដែលក្នុងនោះកម្ពុជាត្រូវបានគេជឿថាមានវត្តមានទោចម្កុដច្រើនជាងគេមានចំនួនប្រមាណ ៣៥ ០០០ ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសតំបន់ជួរភ្នំក្រវ៉ាញ។ នៅភាគខាងកើតប្រទេសថៃមានប្រមាណ ៣០ ០០០ក្បាល និងនៅខាងត្បូងឈៀងខាងលិចនៃប្រទេសឡាវ មានវត្តមានទោចម្កុដតិចតួច៕


Khcct banner

អត្ថបទទាក់ទង