Yearendyearend1140x150

កម្ពុជាបន្ថយនាំចូលជ្រូករស់ពីក្រៅប្រទេស ក្រោយតម្លៃជ្រូកក្នុងស្រុកធ្លាក់ថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជ្រូករស់ដែលនាំចូលពីប្រទេសជិតខាង (រូបភាព៖ We TV Cambodia)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានសម្រេចកាត់បន្ថយការនាំចូលជ្រូករស់ពីក្រៅប្រទេស ដោយឱ្យនៅត្រឹមប្រមាណ៣០០ក្បាលក្នុងមួយថ្ងៃ។ ការកាត់បន្ថយនេះ ធ្វើឡើងបន្ទាប់ពីតម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ និងកកស្ទះជ្រូកទៅទីផ្សារក្នុងស្រុក។ នេះនើតាមប្រសាសន៍ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានប្រាប់ស៊ីស៊ីថាសម៍។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កម្ពុជាកាត់បន្ថយជ្រូករស់ពីក្រៅប្រទេសទៅតាមសភាពជាក់ស្តែង ដោយថ្ងៃខ្លះមានការនាំចូលរស់ចន្លោះពី២០០ទៅ៣០០ក្បាលក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះទៀតមានដល់៥០០ក្បាលក្នុងមួយថ្ងៃ ខណៈកន្លងមកកម្ពុជាធ្លាប់នាំចូលជ្រូករស់ជិត១ពាន់ក្បាលក្នុងមួយថ្ងៃៗពីប្រទេសជិតខាង។

ឯកឧត្តមបន្តថា មូលហេតុនៃការកាត់បន្ថយនេះ គឺដោយសារតែការចិញ្ចឹមជ្រូកក្នុងស្រុកមានសន្ទុះកើនឡើង ដោយបច្ចុប្បន្នកសិដ្ឋានចិញ្ចឹមជ្រូកមានជិត៦០០កសិដ្ឋាន ដូចនេះការកាត់បន្ថយការនាំចូលជ្រូកជាវិធីល្អក្នុងការចៀសវាងការកកស្ទះ និងមិនឱ្យប៉ះពាល់កសិករដោយសារការថយចុះនៃតម្លៃជ្រូកក្នុងស្រុក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា បច្ចុប្បន្នតម្លៃសាច់ជ្រូករស់នៅកសិដ្ឋានធ្លាក់តម្លៃនៅត្រឹមជាង៩ពាន់រៀលក្នុងមួយគីឡូក្រាម ដែលអាចធ្លាក់ចុះ៣ពាន់រៀលក្នុងមួយគីឡូក្រាម។ រីឯឯតម្លៃនៅក្នុងទីផ្សារវិញ សម្រាប់សាច់ជ្រូកសុទ្ធគឺនៅត្រឹម ១,៨០០០រៀលក្នុងមួយគីឡូក្រាមតែប៉ណ្ណោះ ចំពោះសាច់ជ្រូក៣ជាន់នៅត្រឹម២ម៉ឺនរៀល ដែលតម្លៃអាចចុះ៥ពាន់រៀលក្នុងមួយគីឡូក្រាម។

តែយ៉ាងណាក៏ដោយ ក្រសួងកសិកម្មកំពុងពិនិត្យនិងពិភាក្សារកដំណោះស្រាយបន្ថែមទៀតអំពីបញ្ហាតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តន៍ច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ ដើម្បីការពារផលប្រយោជន៍របស់កសិករ ។

សូមបញ្ជាក់ថា ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែង ស្មើនឹង៧,២ភាគរយ គឺកាលពីឆ្នាំ២០២០ មានចំនួន៥០៣កន្លែង ហើយក្នុងឆមាសទី១ ឆ្នាំ២០២១ ឡើងដល់ចំនួន ៥៣៩កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង