Cct850x100 1
1800px x h300px kh

កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (រូបភាព៖ ក្រសួងទែសចរណ៍)

កំពត៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ថោង ខុន បានលើកឡើងថា កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ ដែលបានតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

ឯកឧត្តមបញ្ជាក់ថា កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្ត។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្ននេះ ការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% និងការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន៕

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កំពុងបន្តការសាងសង់


Khcct banner

អត្ថបទទាក់ទង