Cct850x100 1
1800px x h300px kh

ក្រសួងបរិស្ថានឱ្យពលរដ្ឋចូលរួមប្រមូល«សំណល់ថ្មពិល»ខណៈសំណល់នេះប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ធុងសំរាមសម្រាប់ដាក់ថ្មពិលដែលឈប់ប្រើ។
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវយុទ្ធនាការប្រមូលសំណល់ថ្មពិលចាស់ៗដែលឈប់ប្រើ ដើម្បីបរិស្ថានគ្មានសំណល់ថ្មពិលនិងបញ្ចៀសការបង្ករគ្រោះថ្នាក់ទៅដល់មនុស្ស សត្វ។

បើតាមក្រសួងបរិស្ថាន សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់ មានជាអាទិ៍ បារ៉ត សំណ កាត់ម៉្ញូម ស័ង្កសី និង នីកែល ។ ដូច្នេះ ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និង ដើម្បីការពារសុខភាពមនុស្ស អ្នកប្រើប្រាស់ទាំងឡាយសូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប ។

ក្រសួងបន្ថែមថា សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយះការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ ។

កន្លងមក ក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិល នៅបុរីប៉េងហួតបឹងស្នោ ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី (និរោធ បូកគោ វត្តនាគវន្ត័ និង ផ្សារតូច ) ផ្សារទំនើបអេអន១ នរោត្តមជីបម៉ុងម៉ល និងផ្សារទំនើបជីបម៉ុងបាក់ទូក ។

ដោយឡែក នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលបន្ថែមនៅតាមទីតាំងផ្សារទំនើប ចំនួន ៨ ទៀត រួមមាន ផ្សារទំនើប សូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យ៉ា ស្ទឹងមានជ័យថ្មី និងធីខេ ហើយនឹងនៅស្ថានីយប្រេងឥន្ធនៈតូតាល់ និងតេលា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។

ក្រសួងបរិស្ថាន នៅពេលខាងមុខនឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តារខេត្តទូទាំងប្រទេសផងដែរ។

Khcct banner

អត្ថបទទាក់ទង